អន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអះអាងថាលោក​ពូទីន​បាន​សន្យា​ថា​នឹង​មិន​សម្លាប់ហ្សេឡិនស្គីឡើយ

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនិយាយថា លោកពូទីនធ្លាប់បានសន្យាជាមួយរូបលោកថា​នឹងមិនសម្លាប់​ប្រធានាធិបតីហ្សេឡិនស្គីឡើយ។

នេះដោយយោងតាមសម្ដីរបស់អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett នៅក្នុងបទសម្ភាសន៍រយៈពេលជិតប្រាំម៉ោងជាមួយអ្នកកាសែតអ៊ីស្រាអែល Hanoch Daum កាលពីថ្ងៃទី ៥​ខែកុម្ភៈ។ Bennettថា គាត់បានសួរទៅលោកពូទីន កាលពីដើមដំបូងនៃសង្រ្គាម ថាតើមានចេតនាចង់សម្លាប់ Zelensky ឬអត់ ហើយពូទីនក៏បានប្រាប់មកគាត់វិញថា “ខ្ញុំនឹងមិនសម្លាប់ Zelenskiy ទេ”។  អតីតនាយករដ្ឋមន្រ្តីរូបនេះ បានសម្ដែងការជឿជាក់យ៉ាងខ្លាំងរហូតដល់១០០ភាគរយ​លើរុស្ស៊ី។ ដោយបាននិយាយថា “ខ្ញុំជឿជាក់១០០ភាគរយ​ ពូទីនមិនសម្លាប់គាត់ទេ”។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Bennett រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានព្រមានថា លោក Putin គឺជា “អ្នកជំនាញខាងកុហក”។

ការលើកឡើងរបស់លោក Bennett ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានអះអាងនៅក្នុងភាពយន្តឯកសារដែលផលិត​ដោយ BBC ថាលោក Putin បានគំរាមសម្លាប់លោកពីការវាយប្រហារដោយកាំជ្រួចប៉ុន្មានថ្ងៃមុនពេលការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន ខណៈដែលវិមានក្រឹមឡាំងថាជារឿងប្រឌិត៕

ប្រភព៖The HILL

ប្រភពរូប៖The HILL
ប្រែសម្រួល៖សុខ តុលា