សេដ្ឋកិច្ច

ហ្វីលីពីនចាប់អារម្មណ៍គុណភាពអង្ករកម្ពុជា

​ភ្នំពេញ​៖ ប្រទេស​ហ្វីលីពីន បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​គុណភាព​អង្ករ​របស់​កម្ពុជា ហើយ​ភាគី​ទាំងពីរ​ក៏​កំពុង​ចរចា​តម្លៃ​គ្នា ដើម្បី​ឈានដល់​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ នាពេល​អនាគត​។​

​ការបង្ហាញ​ចំណាប់អារម្មណ៍​នេះ ធ្វើឡើង​ក្នុង​ដំណើរ​ទស្ស​កិច្ច​របស់​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​ហ្វីលីពីន រយៈពេល​៣​ថ្ងៃ ចាប់​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វះ​ស្វែងរក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​អង្ករ​នេះ ដឹកនាំ​ដោយ​លោកស្រី គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ពាណិជ្ជកម្ម និង​លោក ចាន់ សុខ​ទី ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ហ្គ្រី​ន​ដ្រេ​ត ខណៈ​ឧកញ៉ា ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏បាន​ដឹកនាំ​សមាជិក​ចំនួន ៨​រូប ទៅ​ចូលរួម​ទស្សនកិច្ច​សិក្សា​ពី​ទីផ្សារ​អង្ករ​នៅ​ប្រទេស​ហ្វីលីពីន​ផងដែរ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សាទីផ្សារ​នេះ ប្រតិភូ​កម្ពុជា​បាន​ជួប​ជាមួយ​លោក ALFEDO E. PASCUAL រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ប្រទេស​ហ្វីលីពីន និង​ភាគី​ពាក់ព័ន្ធ​លើ​ការ​នាំចូល​អង្ករ​។​

​ភាគី​ប្រទេស​ហ្វីលីពីន មានការ​ចាប់អារម្មណ៍​ទៅលើ​គុណភាព​អង្ករ​កម្ពុជា​យ៉ាងខ្លាំង ដែល​ភាគី​ប្រទេស​ហ្វីលីពីន បាន​គូសបញ្ជាក់ថា ការ​នាំចូល​អង្ករ​រប​ស់​ប្រទេស​ហ្វីលីពីន គឺមាន​ការប្រែប្រួល​ដោយ​មិន​តម្រូវ ឱ្យ​នាំចូល​តាមរយៈ​ក្រុមហ៊ុន​រដ្ឋ ដូច​ពីមុន​នោះទេ គឺ​វិស័យ​ឯកជន និង​ឯកជន​ធ្វើ​កិច្ចសន្យា​ពាណិជ្ជកម្ម​ដោយផ្ទាល់តែម្តង​ទៅតាម​បរិមាណ គុណភាពនិង​តម្លៃ​ដែល​បាន​ឯកភាព​រវាង​ភាគី​ទាំងពីរ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ គណៈប្រតិភូ​កម្ពុជា​បាន​ជួប​ជាមួយ​បណ្តា​ក្រុមហ៊ុន​នាំចូល សមាគម​រោង​ម៉ាស៊ីនកិនស្រូវ របស់​ប្រទេស​ហ្វីលីពីន ដែលមាន​ការចាប់អារម្មណ៍ លើ​គុណភាព​អង្ករ​កម្ពុជា ហើយ​មានការ​ពិភាក្សា និង​ច​ចា​រលើ​តម្លៃ​សម្រាប់​ផ្គត់ផ្គង់​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ផលិត​ស្រូវ ហើយក៏​ជា​ប្រទេស​នាំចូល​អង្ករ​ដ៏​ធំ​មួយ នៅក្នុង​តំបន់​អាស៊ី​ផងដែរ ដែល​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​ប្រទេស​ហ្វីលីពីន បាន​នាំចូល​អង្ករ​ចំនួន ៣.៨២​លាន​តោន ពី​ប្រទេស​នានា ដែល​ប្រភេទ​អង្ករ​ភាគ​ច្រើនបំផុត ជា​ប្រភេទ​អង្ក​រស​ធម្មតា​។​

​គណៈប្រតិភូ​កម្ពុជា ក៏បាន​គោរព​អញ្ជើញ និង​បានទទួល​កា​អញ្ជើញ​ដោយ​អ្នក​នាំចូល​អង្ករ​របស់​ប្រទេស​ហ្វីលីពីន មក​ទស្សនកិច្ច សិក្សា​លើ​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ដោយផ្ទាល់​តែម្តង ដើម្បី​បង្កើន​ទំនុកចិត្ត និង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​ភាព​យូរអង្វែង ដែល​កម្មវិធី​នេះ នឹង​គ្រោង​រៀបចំឡើង​នៅពេល​រដូវ​ច្រូតកាត់ ស្រូវប្រាំង​ជុំ​ទី​១ នៅ​ចុងខែ​កុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ​២០២៣ នេះ​តែម្តង ដែល​ក្នុងកំឡុងពេល​ទស្សនកិច្ច សិក្សា​អាច​នឹង​ឈានដល់​ការចុះកិច្ចសន្យា​ទិញ​-​លក់​តែម្តង​៕​ ដោយៈសិរីមតី