អន្តរជាតិ

រុស្ស៊ីនិងអ៊ីរ៉ង់នឹងរួមគ្នាបើករោងចក្រយន្តហោះគ្មានមនុស្សបើកនៅទឹកដីរុស្ស៊ី

ទីក្រុងមូស្គូនិងតេអេរ៉ង់ ត្រូវបានគេរាយការណ៍ថា នឹងរួមគ្នាបើករោងចក្រយន្តហោះគ្មានមនុស្សបើក​នៅលើទឹកដីរុស្ស៊ី ដែលអាចមានសមត្ថភាពផលិតបានដល់ទៅ ៦.០០០គ្រឿង។

កាសែតឌឹ Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី ៥ ខែកុម្ភៈ ដោយបានដកស្រង់សម្តីមន្រ្តី​មិនបញ្ចេញឈ្មោះ ដែលជាសម្ព័ន្ធមិត្តនឹងសហរដ្ឋអាម៉េរិកថា ទីក្រុងតេអេរ៉ង់ មានផែនការជឿនលឿន​ក្នុងការសាងសង់រោងចក្រនៅក្នុងប្រទេសរុស្ស៊ី អាចផលិតយន្តហោះគ្មានមនុស្សបើកប្រយុទ្ធបានជាង ៦០០០ គ្រឿង។ ការអះអាងនេះ ធ្វើឡើងដោយមានភ្ជាប់មកនូវរបាយការណ៍យោងថា មានគណៈប្រតិភូ​អ៊ីរ៉ង់មួយក្រុមបានមកប្រទេសរុស្ស៊ី មកទស្សនារៀបចំមើលទីតាំងដែលបានគ្រោងទុកសម្រាប់រោងចក្រ និងធ្វើការស្វែងយល់លម្អិតនៃកិច្ចព្រមព្រៀងនៅដើមខែមករា។ Wall Street Journal បានដកស្រង់បន្តថា “ប្រទេសទាំងពីរមានបំណងបង្កើតយន្តហោះគ្មានមនុស្សបើកលឿនជាងមុន ដែលអាចបង្កបញ្ហា​ប្រឈមថ្មីសម្រាប់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន”។

ជុំវិញរបាយការណ៍ដ៏រសើបនេះ រុស្ស៊ីនិងអ៊ីរ៉ង់មិនទាន់បានបកស្រាយទេ។ កាលពីកន្លងទៅ ភាគីនីមួយៗសុទ្ធតែបដិសេធថាមិនដែលពាក់ព័ន្ធអ្វីជាមួយគ្នា។ ក៏ប៉ុន្តែបើយោងតាមទីក្រុង Kyiv ប្រទេសអ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករាប់រយគ្រឿងរបស់ខ្លួន រួមទាំងម៉ូដែល kamikaze Shahed-136 ផងដែរ។ រុស្ស៊ីបាននិងកំពុងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងនេះ រួមជាមួយនឹងមីស៊ីល ដើម្បីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសអ៊ុយក្រែន។ គិតចាប់ពីខែកញ្ញាមកដល់ត្រឹមដើមខែមករា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់​យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអ៊ីរ៉ង់បានជិត ៥០០ គ្រឿង៕

ប្រភព៖UKRIANSKA PRAVDA

ប្រភពរូប៖UKRIANSKA PRAVDA
ប្រែសម្រួល៖សុខ តុលា