សេដ្ឋកិច្ច

រដ្ឋាភិបាល​ស្វីស ប្រកាស​បន្ត​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​មួយឆ្នាំ​ជាង​៤​លាន​ដុល្លារ​

ភ្នំពេញ​៖​រដ្ឋាភិបាល​ស្វី​សបាន​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​៤​លាន​ហ្វ្រ​ង់​ស្វី​សឬ​ជាង​៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំដល់​មន្ទីរ​ព​ទ្យ​គន្ធបុប្ផាក្នុង​រយៈ​ពេល​​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ២០២៣​។ ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ទ្វេភាគី​លើក​ទី​៣នាពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ប្រទេស​ស្វ៊ី​ស បានប្រកាស​ថា​ខ្លួន​បន្ត​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​បន្តទៀត​។​

ការប្រកាស​បន្ត​ជួយ​នេះ បាន​ត្រូវ​បញ្ចេញ​ឱ្យដឹង​នៅក្នុង​ជំនួប​រវាង​លោក ចែម វី​ឌ្យ៉ា រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា និង​លោក ហែ​ន​រី​ហ្ស ឆេ​លិ​ន​ប៊ែ​ល រដ្ឋលេខាធិការ​ទទួល​បន្ទុក​អាស៊ី​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​ស្វ៊ី​ស​។

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ស្តីពី​លទ្ធផល​នៃ​ជំនួប​ទ្វេភាគី​នេះ បានឱ្យដឹងថា ក្រៅពី​បន្ត​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា រដ្ឋាភិបាល​ស្វ៊ី​ស ក៏​គាំទ្រ​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ថ្មី​នៅក្នុង​តំបន់​មេគង្គ​ឆ្នាំ ២០២២-២០២៥ ផងដែរ​។

​យោងតាម​ប្រភព​ដដែល ក្រៅពី​បន្ត​ការគាំទ្រ​តាំង​២​ខាងលើនេះ លោក ចែម វី​ឌ្យ៉ា បានស្នើ​ទៅកាន់​ភាគី​ស្វ៊ី​ស ឱ្យមាន​ការរៀបចំ​វេទិកា​ធុរកិច្ច រវាង​សភាពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ និង​បន្ត​ពិភាក្សា​លទ្ធភាព​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផងដែរ​។ ការស្នើ​ពីភាគី​កម្ពុជា​នេះ គឺ​ដើ​ម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។

​ជុំវិញ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ស្វ៊ី​ស​នេះ លោក​រដ្ឋលេខាធិការ ចែម វី​ឌ្យ៉ា កត់សម្គាល់​ឃើញថា វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ បន្ត​កើនឡើង បើទោះជា​ញាំញី​ដោយ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​។

​ទាក់ទិន​នឹង​ទំហំ​ពាណិជ្ជ​កម្មនេះ ក្នុង​ឆ្នាំ​២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​ស្វ៊ី​ស សរុប​ជាង ៣៧៩​លាន​ដុល្លារ​។ ឯ​ឆ្នាំ​២០២១ សរុប​ចំនួន​ជាង ៩៧៤​លាន​ដុល្លា​អាមេរិក និង​ឆ្នាំ​២០២២​សរុប​ចំនួន​ជាង ១,៤៤៥​លាន​ដុល្លារ​។ តួលេខ​ទាំងបី​ឆ្នាំ​ខាងលើនេះ​ជា​តួលេខ​បណ្ដោះអាសន្ន នៃ​ស្ថិតិ​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ុ៕ដោយៈសិរីមតី