អន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនអះអាងថាមាន កម្លាំងគ្រប់គ្រាន់នឹងទប់ការវាយប្រហារថ្មីរុស្ស៊ី

រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនមានកម្លាំង និងធនធានគ្រប់គ្រាន់នឹងទប់ទល់​ការវាយប្រហារថ្មី​របស់រុស្ស៊ីដែលនឹងធ្វើឡើងក្នុងសប្តាហ៍ខាងមុខ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានប្រាប់សន្និសីទសារព័ត៌មាន​យ៉ាងម៉ឺងម៉ាត់​កាលពីថ្ងៃអាទិត្យថា រុស្ស៊ីនឹងបើកការវាយលុកដ៏ធំមួយនៅក្នុង សប្តាហ៍ខាងមុខនេះ ប៉ុន្តែអ៊ុយក្រែនមាន​ទាហាន និងធនធានដើម្បីទប់ទល់ការវាយប្រហារដែលនឹងកើតមាន។ លោកបានបន្តថា យោធាអ៊ុយក្រែននឹងបញ្ឈប់ប្រតិបត្តិការនេះ  បើទោះបីជារថក្រោះ និងប្រព័ន្ធសព្វាវុធផ្សេងទៀត​ធុនធ្ងន់របស់លោកខាងលិចមិនទាន់បានមកដល់នាពេលឥឡូវនេះក៏ដោយ។ ការវាយប្រហាររបស់​រុស្ស៊ីថ្មី ត្រូវបានព្យាករណ៍ថាអាចនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ​ឆ្នាំ២០២៣ ខាងមុខ ពោលគឺជា​ខួបគម្រប់មួយឆ្នាំនៃការលុកលុយរបស់រុស្ស៊ី។

ការវាយតម្លៃបានកើតឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានប្រកាសផ្តល់ជូននូវរ៉ុក្កែតរយៈចម្ងាយឆ្ងាយក្នុងកញ្ចប់ជំនួយចំនួន ២,២ ពាន់លានដុល្លារថ្មី។ រហូតមកដល់ពេលនេះ អ៊ុយក្រែនបានទទួលការគាំទ្រ​យ៉ាងពេញទំហឹងពីក្រុមប្រទេសបាល់ទិក និងប៉ូឡូញក្នុងការចង់បាននូវយន្តហោះចម្បាំង​របស់លោកខាងលិច។ ប៉ុន្តែមេដឹកនាំលោកខាងលិចមួយចំនួននៅតែប្រកាន់ជំហរបដិសេធ និងសម្តែងការព្រួយបារម្ភថាការផ្តល់យន្តហោះចម្បាំងអាចបង្កហេតុដោយវិមានក្រឹមឡាំងទាញប្រទេសរបស់ពួកគេឱ្យកាន់តែជ្រៅទៅក្នុងជម្លោះ ដែលបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងការបំផ្លិចបំផ្លាញដ៏ធំ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា