សន្ដិសុខសង្គម

បញ្ជូនចាងហ្វាងសារព័ត៌មាន២នាក់ រឿងថតឡាយក្រុមហ៊ុនមួយទៅតុលាការ

បាត់ដំបង៖ក្រោយបញ្ចប់ការសាកសួររឿងថតឡាយក្រុមហ៊ុនលក់ឆ្នោតមហាសម្បត្តិរួចបង្ហោះនោះ សមត្ថកិច្ចបានបញ្ជូនចាងហ្វាងសារព័ត៌មានអនឡាញ២នាក់ទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ព្រឹកថ្ងៃទី៦ ខែកុម្ភ: នេះ សមត្ថកិច្ចបានបញ្ជូនចាងហ្វាងអង្គភាពសារព័ត៌មាន​អនឡាញ២នាក់ទៅតុលាការ ដើម្បីអនុវត្តតាមតាមច្បាប់។អ្នកកាសែត២នាក់ខាងលើឈ្មោះឯម សូវិសាល អាយុ ៣១ឆ្នាំ នាយកអង្គភាពសារព័ត៌មាន TNC និងម្នាក់ទៀតឈ្មោះឯម សុវិសិដ្ឋ អាយុ ៣១ឆ្នាំ នាយកអង្គភាពសារព័ត៌មាន CPN។

ចាងហ្វាងសារព័ត៌មានដែលសមត្ថកិច្ចឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៣ នៅក្រុមហ៊ុនលក់ឆ្នោតមហាសម្បត្តិម្តុំផ្សារភូពុយ ក្រុង/ខេត្តបាត់ដំបង។ មន្ត្រីដដែលបានបន្តថា ទីតាំងលក់ឆ្នោតខាងលើជាក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយអ្នកកាសែតរូបនោះ​បានថតវីដេអូរួចបង្ហោះ និងអុកឡុកកន្លែងធ្វើអាជីវកម្មរបស់ក្រុមហ៊ុន។

ក្នុងផេកផ្លូវការរបស់លោកខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ពួកគាត់២នាក់​បងប្អូននេះកន្លងមកនគរបាលខេត្តពោធិ៍សាត់ធ្លាប់ចាប់ឃុំខ្លួនម្ដងមកហើយ ទាក់ទងទៅនឹងខ្លួន​ជាអ្នកសារព័ត៌មាន តែដើរប្រាប់គេថាពួកគាត់ជាប៉ូលិសសេដ្ឋកិច្ចនិងមេព្រៃ ហើយដើរជំរិតយកប្រាក់​គេរហូត៕ដោយ: ព្រះអង្គខ្មៅ