សេដ្ឋកិច្ច

ឆ្នាំ​២០២២​ការនាំ​ចូល​ជី​កសិកម្ម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៨០​លាន​ដុល្លារ​

​ភ្នំពេញ​៖​បើតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំ​ចូល​ជី​កសិកម្ម និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឬ​ស្មៅ នៅ​ពេញ​មួយឆ្នាំ​២០២២ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤៨០​លាន​ដុល្លារ មានការ​កើនឡើង ៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១​។​

​លោក ហួរ ធី​នាង ប្រធាន​គ្រប់គ្រង​ទូទៅ​ផ្នែក​ជី​ថ្នាំ​កសិកម្ម​នៃ​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន បាន​គូសបញ្ជាក់ថា តម្រូវការ​ប្រើប្រាស់​ជី និង​ថ្នាំ​កសិ កម្ម របស់​ប្រជាកសិករ នៅក្នុង​ឆ្នាំ​២០២២ ហាក់​មានការ​ថយចុះ​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ដោយសារតែ​កសិផលរ​បស់​កសិករ ដែល​ទទួលបាន មិនសូវមាន​ទីផ្សារ​ល្អប្រសើរ ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​កាត់បន្ថយ​ការចំណាយ​ច្រើន​លើ​ថ្លៃដើម​ផលិត ពិសេស​ការប្រើប្រាស់​ជី​នេះ​តែម្ដង​។​

​យ៉ាងណា​ក៏ដោយចុះ លោក ហួរ ធី​នាង បញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​តម្លៃ​ជី​-​ថ្នាំ​កសិកម្ម​មួយចំនួន ហាក់​មានការ​ធ្លាក់​ថ្លៃ​ជាង​មុន​តិចតួច ក្នុង​រង្វង់​ប្រមាណ ១០% ។ បើតាម​អ្នកជំនាញ​រូបនេះ ការធ្លាក់​ថ្លៃ​នេះ ក៏​ដោយសារតែ​តម្រូវការ​ជី​-​ថ្នាំ​កសិកម្ម របស់​ប្រជាពលរដ្ឋ​មានការ​ថយចុះ​ជាង​មុន ទើប​តាម​បណ្តាល​ក្រុមហ៊ុន​លក់​ជី​-​ថ្នាំ​កសិកម្ម​ភាគច្រើន​បញ្ចុះតម្លៃ​លក់​យ៉ាង​ដូច្នេះ ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ក្នុង​ស្តុក​ច្រើន​។ លោក​បាន​បន្ថែមថា ទន្ទឹមនឹង​ការលក់​ចេញ​ឱ្យ​ប្រជាកសិករ​មានការ​ចុះថ្លៃ ការនាំ​ចូល​ជី​កសិកម្ម​ស្តង់ដារ​មួយចំនួន​ក៏មាន​តម្លៃ​ទាប​ជាង​មុន​បន្តិច​ដែរ ខណៈ​មួយចំនួនទៀត​មានតម្លៃ​ថេរ​ដដែល​៕ដោយៈសុភក្រ្តា