អន្តរជាតិ

ចិនក្តៅក្រហាយអន្ទះអន្ទែង ក្រោយអាម៉េរិកប្រើមីស៊ីលបាញ់កម្ទេចបាឡុងរបស់ខ្លួន

ចិនកើតទុក្ខមិនសុខចិត្ត និងអន្ទះអន្ទែងយ៉ាងខ្លាំង ក្រោយសហរដ្ឋអាម៉េរិកបានសម្រេចចិត្ត​ប្រើមីស៊ីលបាញ់កម្ទេចបាឡុងរបស់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ក្រសួងការបរទេសរបស់ចិន បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់ទម្លាក់ បាឡុងខ្លួនដោយភាគីអាម៉េរិកកាលពីថ្ងៃសៅរ៍ ថាជាការប្រតិកម្មហួសហេតុជាក់ស្តែង និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការអនុវត្តអន្តរជាតិ មិនចេះយោគយល់។ ក្រសួងបាននិយាយថា “នឹងរក្សាយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនពាក់ព័ន្ធ រកយុត្តិធម៌មកវិញ រក្សាសិទ្ធិក្នុងការឆ្លើយតបជាចាំបាច់បន្ថែមទៀត”។

ការបាញ់កម្ទេចបាឡុងរបស់ចិន បានកើតឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបញ្ជាដោយ​លោកប្រធានាធិបតីចូបៃដិនសម្រេចយល់ព្រម។ បាឡុងនោះត្រូវបានបាញ់ដោយមីស៊ីលល្បឿន​លឿនជាងសំឡេងAIM-9X ចេញពីយន្តហោះចម្បាំង F-22 នៅក្នុងរយៈកម្ពស់១៨.៣០០ ម៉ែត្រ ស្មើនឹងប្រមាណ (៦០.០០០ ហ្វីត) ពីលើឆ្នេរសមុទ្រនៃរដ្ឋ South Carolina ។

លោក Biden បាននិយាយនៅរដ្ឋ Maryland ថា “យើងបានបាញ់វាទម្លាក់ដោយជោគជ័យ ហើយខ្ញុំពិតជាសរសើរអ្នកអាកាសចរណ៍របស់យើងដែលធ្វើវាបាន”។ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បានហៅប្រតិបត្តិការនេះថាជា “សកម្មភាពដោយចេតនា និងស្របច្បាប់” ជាលទ្ធផលនឹង “ការរំលោភលើអធិបតេយ្យភាពរបស់អាម៉េរិកដែលមិនអាចទទួលយកបាន” ពីប្រទេសចិន។ Austin “ថាបាឡុងនេះ​ត្រូវ​បាន​ចិន​ប្រើប្រាស់​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​ឃ្លាំមើល​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​ទ្វីប​អាម៉េរិក” មិនមែនមើលឧតុនិយមអ្វីដូចចិនលើកឡើងនោះទេ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា