សន្ដិសុខសង្គម

ក្រុមចម្រុះចុះបង្ក្រាបសិប្បកម្មកែច្នៃឈើអត់ច្បាប់ក្នុងក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖សមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើសង្ស័យអត់ច្បាប់ក្នុងក្រុងស្ទឹងត្រែង និងបានដកហូតឈើជាមួយសម្ភារពាក់ព័ន្ធជាច្រើន។

សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ព្រឹកថ្ងៃទី៦ ខែកុម្ភៈ កម្លាំងចម្រុះបានចុះឡោមព័ទ្ធទីតាំងសិប្បកម្ម​ទទួលទិញនិងស្តុកឈើអត់មានច្បាប់អនុញ្ញាត ហើយបានដកហូតឈើ-ម៉ាស៊ីនអារច្រៀកនិង​សម្ភារពាក់ព័ន្ធមួយចំនួន។ មន្ត្រីដដែលបានបន្តថា កន្លងមកម្ចាស់សិប្បកម្មបានប្រមូលទិញឈើ​បែបអនាធិបតេយ្យតាមម៉ូតូនិងរថយន្តដោយលួចលាក់ដឹកចូលក្នុងសិប្បកម្មពេលយប់មកពីប្រភពផ្សេងៗគ្នាដោយខុសច្បាប់។

ពេលចុះបង្ក្រាប កម្លាំងចម្រុះរកឃើញភាគច្រើនជាឈើប្រណីតលាក់ទុកតាមផ្ទះ-ក្នុងបន្ទប់​សម្រាប់កែច្នៃគ្រឿងសង្ហារិមដើម្បីនាំទៅលក់នៅទីផ្សារក្នុងស្រុក មួយផ្នែកលួចដឹកឆ្លងដែន​ទៅប្រទេសវៀតណាមតាមច្រកស្រុកស្នួល ខេត្តក្រចេះ។ ការបង្ក្រាបទីតាំងកែច្នៃឈើនេះ ម្ចាស់អាជីវកម្មមួយចំនួនត្រូវបានហៅទៅសាកសួរ។ប៉ុន្តែគេមិនទាន់ដឹងថា ការឃាត់ខ្លួននឹងបន្តនីតិវិធី ឬពិន័យយ៉ាងណានៅឡើយទេជុំវិញករណីនេះ។

ចំពោះទីតាំងសិប្បកម្មខាងលើនោះ កន្លងមកក៏ធ្លាប់ធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ច​ត្រូវបញ្ឈប់ពីសកម្មភាពរបស់ខ្លួន។ប៉ុន្តែក្រោយមកពួកគេនៅតែបន្តបើកអាជីវកម្មបែប​អនាធិបតេយ្យដដែល៕ដោយ:សុខុម