សន្ដិសុខសង្គម

ក្មួយបង្កើតនិងម្តាយមីងជិះម៉ូតូបុកគ្នា បណ្តាលឱ្យស្លាប់ទាំង២នាក់​

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរដ៏កម្ររវាងម៉ូតូក្មួយបង្កើតនិងម៉ូតូម្តាយមីង បានបុកគ្នាពេញទំហឹង បណ្តាលឱ្យអ្នក​ទាំង២ស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍យ៉ាងរន្ធត់ខាងលើ​បានកើតឡើងលើផ្លូវលេខ១៤០ ភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀលថៃ្ងទី​៥​ ខែកុម្ភៈ​។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនោះរវាងម៉ូតូម៉ា​កស្កូពី ផ្លាកលេខភ្នំពេញ1​GF-​90​21 បើកបរដោយស្ត្រីឈ្មោះ ថែម គន្ធា អា​យុ​ ៤២ឆ្នាំ នៅឃុំរលាំងចក ស្រុកសំរោ​ង​ទង ខេត្តកំពង់ស្ពឺ។ម៉ូតូនេះបានបុកជាមួយម៉ូតូម៉ាកអ៊ិចស៊ិនទ័រ គ្មានផ្លាកលេខ បើកបរដោយក្មេងប្រុសឈ្មោះវែង ចាន់នី អាយុ១៨ឆ្នាំ នៅភូមិ ឃុំជាមួយគ្នាមកពីមុខពេញទំហឹងបណ្ដាលឱ្យ​ស្លាប់​ទាំង២នាក់។

តាមការអះអាងពីអ្នកភូមិបានបញ្ជាក់ថា​ ខាងស្ត្រីរងគ្រោះ​ជាម្តាយមីង រីឯខាងប្រុសជាក្មួយបង្កើត​។ក្រោយពីគ្រោះថ្នាក់យ៉ាងចៃដន្យនេះ សមត្ថកិច្ចបានចុះចាត់ការតាមនីតិវិធី និងប្រគល់សព​ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ