សន្ដិសុខសង្គម

កំពុងស្វែងចាប់ក្រុមឃាតកកាប់សិស្ស ម្នាក់ស្លាប់រួចគេចខ្លួនបាត់អស់

តាកែវ៖ក្រោយមានអំពើឃាតកម្ម សមត្ថកិច្ចកំពុងស្វែងរកចាប់ក្រុមឃាតកដែលបានកាប់សិស្សម្នាក់ ចំណោម២នាក់ មិនដឹងមូលហេតុ បណ្តាលឱ្យស្លាប់យ៉ាងរន្ធត់ រួចនាំគ្នារត់គេចបាត់អស់។

ករណីឃាតកម្មដ៏សាហាវនេះបានកើតឡើងនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទីថ្ងៃទី៤ ខែកម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលត្រូវគេកាប់ស្លាប់នោះឈ្មោះប៉ែត កុសលសិទ្ធិ  អាយុ១៧ឆ្នាំ នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវជាសិស្ស។មុនហេតុការណ៍នេះបានកើតឡើង មានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមនុស្ស៦នាក់ ប្រដាប់ដោយកាំបិតប៉័ងតោ បានកាប់ទៅលើជនរងគ្រោះ២នាក់ ជិះម៉ូតូស្របគ្នាបណ្តាលស្លាប់ម្នាក់ឈ្មោះប៉ែត កុសលសិទ្ធិ អាយុ១៧ឆ្នាំ។ ឈ្មោះវណ្ណ ឌី អាយុ១៧ឆ្នាំ ជាសិស្សនៅភូមិឃុំជាមួយគ្នារួចផុតពីស្លាប់។

ក្រុមជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿងនោះ បានកាប់សិស្សខាងលើមួយកាំបិតត្រង់កផ្នែកខាងឆ្វេង បណ្តាលឱ្យស្លាប់មួយរំពេច ហើយក៏នាំគេចខ្លួនបាត់អស់។ពេលនេះកម្លាំងផ្នែកជំនាញបានសហការ កំពុងស្រាវជ្រាវរកចាប់ជនសង្ស័យ​យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ