សេដ្ឋកិច្ច

កម្ពុជា​ទទួល​ជ័យលាភី​សរុប​១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣

ភ្នំពេញ៖​ កម្ពុជា​ទទួល​ជ័យលាភី​និង​ពានរង្វាន់​សរុប​ចំនួន​១៧ ពី​ការអនុវត្ត​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣ ក្នុងនោះ​មាន​រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន ចំនួន​៥ រង្វាន់ សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន ចំនួន​៣ រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ចំនួន​៥ និង​រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ចំនួន​៤​។​

​គួរ​ជម្រាប​ថា ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​២០២៣ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​យុ​ក្យា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី អាស៊ាន​បានផ្តល់​ពានរង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣ ចំនួន​១៥៨ លើ​ការអនុវត្ត​ស្ដង់ដា​៖
១. ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន ចំនួន​៤៣
២. សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន ចំនួន​២៩
៣. បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ចំនួន​៤៨
៤. សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ចំនួន​៣៨​។​

​ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ៖អាស៊ាន​ក៏បាន​ប្រគល់ជូន​ម្ចាស់​ទីតាំង​ទេសចរណ៍​នៅ​កម្ពុជា​នូវ​ជ័យលាភី​ចំនួន​១៧ ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​៨​។​តំណាង​ជ័យ​លាភី​​កម្ពុជា​ដែល​បាន​ឡើង​ទទួល​ពានរង្វាន់​នោះ រួមមាន​៖ តំណាង​ម្ចាស់​សហគមន៍ ម្ចាស់​គម្រោង មន្ត្រី​មន្ទីរ​ទេសចរណ៍ មន្ត្រី​រាជធានី​-​ខេត្ត ក្រោម​ការដឹកនាំ​ដោយ​លោក​អភិបាលរង​មកពី​រាជធានី​ភ្នំពេញ ខេត្តកោះកុង ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ និង​ខេត្ត​កំពង់ធំ​។​

​ឯកឧត្ដម ថោង រដ្ឋ​សក្តិ បាន​បញ្ជាក់ថា ជ័យលាភី​និង​ពានរង្វាន់​ដែល​ម្ចាស់​ទីតាំងនៅ​កម្ពុជា​ទទួលបាន​នោះ រួមមាន​៖
១. រង្វាន់​ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន ចំនួន​៥៖ ផ្ទះ​ស្នាក់ Eagle ផ្ទះ​ស្នាក់ Black Bear និង​ផ្ទះ​ស្នាក់ Mien Mien ក្នុង​ខេត្តកោះកុង ផ្ទះ​ស្នាក់​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត និង​ផ្ទះ​ស្នាក់​សំបូរ​ព្រៃ​គុក ក្នុង​ខេត្តកំពង់ធំ​។​
២. រង្វាន់​សហគមន៍​ទេសចរណ៍​ស្តង់ដា​អាស៊ាន ចំនួន​៣៖ សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំង​សង្កែ ក្នុង​ខេត្តកំពត សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហាន ក្នុង​ខេត្តស្ទឹងត្រែង និង​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ធំ ក្នុង​ខេត្តសៀមរាប​។​
៣. រង្វាន់​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន ចំនួន​៥៖ បង្គន់​អនាម័យ​សាធារណៈ Aeon Mall Phnom Penh ក្នុង​រាជធានី​ភ្នំពេញ បង្គន់​អនាម័យ​សាធារណៈ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ បង្គន់​អនាម័យ​សាធារណៈ​ស្រះស្រង់ ក្នុង​គ្រឹះស្ថាន​អង្គរ បង្គន់​អនាម័យ​សាធារណៈ PTT ក្នុង​ខេត្តកោះកុង និង​បង្គន់​អនាម័យ​សាធារណៈ​ស្តុ​ប​ពេជ្រនិល ក្នុង​ខេត្តកំពង់ស្ពឺ​។​
៤. រង្វាន់​សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ចំនួន​៤៖ សេវា​ស្ប៉ា SPA Temple ក្នុង​សណ្ឋាគារ​កាំបូ​ឌា រាជធានី​ភ្នំពេញ សេវា​ស្ប៉ា JIVAPITA SPA ក្នុង​សណ្ឋាគារ Royal Residence ភ្នំពេញ សេវា​ស្ប៉ា SO SPA with LÓCCITANCE ក្នុង​សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort ខេត្តសៀមរាប និង​សេវា​ស្ប៉ា SPA at Naga World ក្នុង​សណ្ឋាគារ Naga World ភ្នំពេញ​។​

ឯកឧត្ដម​អគ្គនាយក​បាន​បន្តទៀតថា តាមរយៈ​ការទទួល​ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​២០២៣​នេះ ក៏ដូចជា​ការអភិវឌ្ឍ​ហេ​ដ្ឋា​រ​ច​សម្ពន្ធ​ជាច្រើន និង​ការរៀបចំ​ព្រឹត្តិការណ៍​ធំៗ​ប្រកបដោយ​ជោគជ័យ​ខ្ពស់​កន្លងមក​នៅ​កម្ពុជា បានបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថា​កម្ពុ​ជាមាន​ផលិតផលនិង​គោលដៅ​ទេសចរណ៍​ទាក់ទាញ​ច្រើន​សម្រាប់​ទៅលេង​កម្សាន្ត​ប្រកបដោយ​ភាពងាយស្រួលកក់ក្តៅ សុវត្​្ថិភាព ស្អាត និង​បៃតង ស្របពេល​ជាមួយ​ដែល​កម្ពុជា​កំពុង​ផ្សព្វផ្សាយ​ពី​ឆ្នាំ​ទស្សនា​កម្ពុជា​ឆ្នាំ​២០២៣ Visit Cambodia 2023 និង​កំពុង​ត្រៀម​ខ្លួន​ឆ្ពោះទៅ​ការរៀបចំ​ព្រឹត្តិការ​កីឡា​ស៉ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​នេះ ដែលជា​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​នៅ​កម្ពុជា ខណៈ​ចលនា​ទេសចរណ៍​ក្នុងស្រុក​កំពុង​បន្ត​ងើបឡើង ដែលជា​សញ្ញាណ​មួយ​ផ្តល់នូវ​ទំនុកចិត្ត និង​ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​បាន​កាន់តែច្រើន​ថែមទៀត​នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា ជ័យលាភី​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៤ នឹង​គ្រោង​រៀបចំឡើង​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដែលជា​ប្រទេស​ម្ចាស់ផ្ទះ​បន្ទាប់​ក្រោម​ប្រធានបទ​៖ ទេសចរណ៍​ប្រកបដោយ​គុណភាពនិង​ការទទួលខុសត្រូវ -ចីរភាព​អនាគត​អាស៊ាន (Quality​ and Responsible Tourism – Sustaining ASEAN Future)៕​ដោយៈសិរីមតី