អន្តរជាតិ

Facebook រកចំណូលបានលើសពី ២០% ធ្វើឲ្យភាគហ៊ុនហក់ឡើងដល់១០០ពាន់លានដុល្លារ

ដោយ៖សហការី

បន្ទាប់ពីក្រុមហ៊ុនមេ Facebook ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Mark Zuckerberg បានរកប្រាក់ចំណូលបានលើសពីការរំពឹងទុក នាំឲ្យភាគហ៊ុនរបស់ Meta ហក់ឡើងខ្ពស់ លោកបាននិយាយថា ក្រុមហ៊ុននឹងទិញភាគហ៊ុនរាប់ពាន់លានដុល្លារត្រឡប់មកវិញ និងយកឈ្នះលើរាល់បញ្ហាប្រឈមនៅក្នុងតុលាការ។

បើយោងតាមទិន្នន័យហិរញ្ញវត្ថុរបស់ Yahoo ភាគហ៊ុនរបស់ក្រុមហ៊ុនយក្សនៃបណ្តាញផ្សព្វផ្សាយសង្គម មួយនេះបានហក់ឡើងដល់ទៅ ២០% ភាគរយនៅក្នុងទីផ្សារពាណិជ្ជកម្មនាពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដែលនាំឱ្យវាឈរលើកំណើនប្រចាំថ្ងៃដ៏ធំបំផុតមួយបើគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៣ មកហើយជាថ្ងៃដ៏ល្អបំផុតទីពីរចាប់តាំងពីក្រុមហ៊ុននេះបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងឆ្នាំ ២០១២ ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានរាយការណ៍អំពីប្រាក់ចំណូលរបស់ខ្លួនទទួលបានលើសពីការរំពឹងទុករបស់អ្នកវិភាគកាលពីល្ងាចថ្ងៃពុធ ហើយគេក៏បានប្រកាសនូវផែនការទិញភាគហ៊ុនចំនួន ៤០ ពាន់លានដុល្លារ ដោយបន្ថែមលើតម្លៃទីផ្សារប្រហែលជាង ១០០ ពាន់លានដុល្លារក្នុងមួយថ្ងៃ។

បើយោងតាមទស្សនាវដ្តី Forbes សាច់ទ្រព្យសុទ្ធរបស់ Zuckerberg បានកើនឡើងដល់ទៅ ១៣.៧ ពាន់លានដុល្លារ ដែលនាំឲ្យទ្រព្យរបស់គាត់ហក់ឡើងដល់ទៅ ៦៨.៩ ពាន់លានដុល្លារ ធ្វើឲ្យគាត់ជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទី ១៦ លើពិភពលោក៕