សេដ្ឋកិច្ច

ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍​កម្ពុជា​-​ចិន ឯកភាពគ្នា​រៀបចំ​ផែនការ​សកម្មភាព ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​

​ភ្នំពេញ​៖ ឆ្លៀតឱកាស​នៃ​ការចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​២០២៣ នា​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ថោង រដ្ឋ​សក្តិ អគ្គ​នាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧ​ត្ត​ម​មន្ត្រី​ទេសចរណ៍ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ ក្រសួង​ការបទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ជួបប្រជុំ​ទ្វេភាគី​ជាមួយ ឯកឧត្តម Shi Zeyi អគ្គនាយក​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន និង​គណៈប្រតិភូ នៅ​ទីក្រុង​យុ​ក្យា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​

ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​ដូចខាងក្រោម​៖
* គិតគូរ​រៀបចំ​កម្មវិធី​សម្តែង​សិល្បៈ​រួម ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ដល់​ពលរដ្ឋ​ប្រទេស​ទាំងពីរ​បន្ថែមទៀត ក៏ដូចជា​ចូលរួម​អបអរសាទរ​ខួប​គម្រប់​៦៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​។​
* ជំរុញ​ជើង​ហោះ​ត្រង់​បន្ថែមទៀត​ពី​គោលដៅ​ទីផ្សារ​ចិន​មកកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ របស់​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ចិន​។​
* រៀបចំ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ (Fam-Trip) សម្រាប់​ផ្នែក​ឯកជន និង​សារព័ត៌មាន​ទៅកាន់​ប្រទេស​ទាំងពីរ​។​
* ជំរុញ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​។​
* គាំទ្រ​ដល់​ការអនុវត្ត​សៀវភៅ​ស​ស្តីពី China Ready ទេសចរណ៍​កម្ពុជា និង​ការបង្កើត​មជ្ឈមណ្ឌល​ទ្រទ្រង់ China Ready​។​
* ជំរុញ​ការរៀបចំ​វេទិកា​ធុរកិច្ច​ទេសចរណ៍​ក្នុងប្រទេស​ទាំងពីរ​។​

​ភាគី​ទាំងពីរ​ព្រមព្រៀង​រៀបចំ​ផែនការ​សកម្មភាព​លម្អិត​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រួម​កម្ពុជា​-​ចិន ឆ្នាំ​២០២៣-២០២៨ ដែល​នឹង​ចុះហត្ថលេខា​ដោយ​ថ្នាក់ដឹកនាំ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​នៅពេល​ណាមួយ​សមស្រប​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ប្រទេស​ចិន ឬ​អំឡុង​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​ណាមួយ​ដែល​ភាគី​ពីរ​ស្របតាម​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៦៕​

ដោយៈផាវី