អន្តរជាតិ

ហ្សេឡិនស្គីថា កងកម្លាំងអ៊ុយក្រែននឹងបន្តទប់ទល់ដល់ទីបញ្ចប់នៅទីក្រុងBakhmut

ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បាននិយាយថា កងកម្លាំងអ៊ុយក្រែននឹងបន្តទប់ទល់ដល់​ទីបញ្ចប់ មិនរត់ទៅណាឡើយនៅទីក្រុង Bakhmut ភាគខាងកើតនៃខេត្តដូណេត។

មេដឹកនាំអ៊ុយក្រែនរូបនេះបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ជាមួយ      គណៈមន្ត្រីកំពូលសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រទី ៣ ខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយគ្នា។ Zelenskyy បាននិយាយថា ទន្ទឹមនឹងស្ថានភាពសមរភូមិនៅទីក្រុង Bakhmut   ខេត្តដូណេត កំពុងតានតឹង ប្រព្រឹត្តិទៅយ៉ាងសកម្ម កងកម្លាំងអ៊ុយក្រែនគ្រប់រូបមិនមាននរណាខ្លាចស្លាប់ ចង់រត់នោះទេ។ លោកថា ទាហានអ៊ុយក្រែនសុទ្ធតែបន្តទប់ទល់នឹងរុស្ស៊ីមិនបានសម្រាកឡើយ។ អ៊ុយក្រែននឹងបន្តប្រយុទ្ធដើម្បីរក្សាទីក្រុង Bakhmut ឱ្យបានយូរតាមដែលអាចធ្វើទៅបាន ។

សម្រង់សំដីដោយអាល់ចាហ្សេរ៉ា “គ្មាននរណាម្នាក់នឹងបោះបង់ចោល Bakhmut ទេ។ យើងនឹងតស៊ូឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ យើងចាត់ទុក Bakhmut ជាបន្ទាយរបស់យើង”។ លោក Zelenskyy បានបន្ថែមជាចុងក្រោយថា “អ៊ុយក្រែននឹងអាចកាន់កាប់ Bakhmut និងរំដោះតំបន់ Donbas ដែលកាន់កាប់បាន ប្រសិនបើខ្លួនទទួលបានអាវុធរយៈចម្ងាយឆ្ងាយ”៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា