សេដ្ឋកិច្ច

វិស័យ​កសិកម្ម សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម ជា​សក្តានុពល​សំខាន់​របស់​ខេត្តកំពង់ចាម​

​ភ្នំពេញ​៖​វិស័យ​កសិកម្ម សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម ជា​វិស័យ​សំខាន់ៗ​របស់​ខេត្តកំពង់ចាម​។​នេះ​ជាការ​លើកឡើង​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅឯ​សន្និសីទ​សារព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ដីពី «​ភាពជោគជ័យ​រយៈពេល​៥​ឆ្នាំ របស់​រដ្ឋបាល​ខេត្តកំពង់ចាម​»​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖​ទី​១៖ វិស័យ​កសិកម្ម មាន​ទំហំ ៣,១៣៣,៧២១.៩​លាន​រៀល និង​មាន​ចំណែក​៤១.១% នៃ​សេដ្ឋកិច្ច​ខេត្ត និង​កំណើន​ពី​៣.៦% ទៅ​៤% ក្នុង​ឆ្នាំ​២០២១ ដែល​ក្នុងនោះ​ដំណាំ​មាន​កំណើនថេរ ៤.៤% ការចិញ្ចឹម​សត្វ មាន​កំណើន​ពី​២.៨% ទៅ​៣.៥% ជលផល​នេសាទ មាន​កំណើន​ពី​២.៤% ទៅ​៣.៥% និង​រុក្ខាប្រមាញ់ មាន​១.៤%​ថេរ​។​

​ទី​២៖ វិស័យ​ឧស្សាហកម្ម មាន​ទំហំ ១,៦៨៦,៥៩៣​លាន​រៀល និង​មាន​ចំណែក​២១.២% នៃ​សេដ្ឋកិច្ច​ខេត្ត និង​មាន​កំណើន ១១.៣% ដែល​ក្នុងនោះ​រ៉ែ មាន​កំណើន ១៨.៤% កម្មន្តសាល ១២.៩% អគ្គីសនី ៣% ទឹកស្អាត​១.៩% និង​សំណង់ ១.៨%​។​

​ទី​៣៖ វិស័យ​សេវាកម្ម មាន​ទំហំ ២,៥៧២,៤២២.៤​លាន​រៀល និង​មាន​ចំណែក​៣៧.៧% នៃ​សេដ្ឋកិច្ច​ខេត្ត និង​មានការ​ថយចុះ ៥.៩% ដែល​ក្នុងនោះ​លក់ដុំ លក់រាយ មានការ​ថយចុះ​៧.៥% សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន​ថយចុះ ១២.៥% រដ្ឋបាល​សាធារណៈ​មាន​កំណើន ១៤.៦% ហិរញ្ញវត្ថុ​មាន​កំណើន ៣% និង​សេវាកម្ម​ផ្សេងទៀត​ថយចុះ​៨.២%​។​

​លោក អ៊ុន ចាន់​ដា បាន​អះអាង​ទៀតថា ទំហំ​សេដ្ឋកិច្ច​របស់​ខេត្តកំពង់ចាម នៅ​ឆ្នាំ​២០២១​សរុប​ប្រមាណ ៧,៣៩៣​ប៊ី​លាន​រៀល (​ប្រាំពីរ​ពាន់​បី​រយ​កៅសិប​បី ប៊ី​លាន​រៀល​គត់​) គិត​ជា​ដុល្លារ ១,៨០៥​លាន​ដុល្លារ (​អត្រា​ប្តូរ ប្រាក់​៤.០៩៦​រៀល​) ស្មើនឹង​៦.៧% នៃ​សេដ្ឋកិច្ចជាតិ​សរុប ចំណូល​សម្រាប់​មនុស្សម្នា​ក់មាន​ចំនួន ១,៥៩២​ដុល្លារ​។​

​លោក​បន្ថែមថា តាម​ការព្យាករណ៍​សម្រាប់​ឆ្នាំ​២០២២ មាន​កំណើន ៣.៦% ស្មើនឹង​៧,៧៥៨​ប៊ី​លាន​រៀល (​ប្រាំ​ពីរពាន់​ប្រាំពីរ​យ​ហាសិប​ប្រាំបី ប៊ី​លាន​រៀល​) គិត​ជា​ដុល្លារ​១,៨៩៣ លាន​ដុល្លារ (​អត្រា​ប្តូរប្រាក់ ៤,០៩៩​រៀល​) និង​ចំណូល​សម្រាប់​មនុស្ស​ម្នាក់​មាន​ចំនួន ១,៦៧៨​ដុល្លារ​។ សេដ្ឋកិច្ច​ខេត្តកំពង់ចាម មាន​កំណើន ៨.៥% នៅ​ឆ្នាំ​២០១៨ និង​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​កូ​វីដ​១៩ ឆ្នាំ​២០២០ (-១.១%) និង​កើន​ឡើង ១.៣% ក្នុង​ឆ្នាំ​២០២១

​ដោយៈសិរីមតី