សេដ្ឋកិច្ច

លោកស្រី ហ៊ុន ដា​នី​៖ ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​កូនក្រមុំ​លើ​វិស័យ​ទេសចរណ៍​

​ស្ទឹងត្រែង​៖​លោកស្រី ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ការអនុវត្ត​គោល នយោបាយ​លើកកម្ពស់​សិទ្ធិ​តួនាទី​តម្លៃ​ស្ត្រី​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ខេត្តស្ទឹងត្រែង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២៣​។​

​សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី​លោកស្រី​កែវ សាវឿន អភិបាលរង​ខេត្តស្ទឹងត្រែង លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​និង​តំណាង​អង្គភាព​ជុំវិញ​ខេត្ត​។​

​លោកស្រី ហ៊ុន ដា​នី បាន​មានប្រសាសន៍ថា ខេត្តស្ទឹងត្រែង​គឺជា​ខេត្ត​កូនក្រមុំ​លើ​វិស័យ​ទេសចរណ៍​នៅ​ភូមិភាគ​ឦ​សា​ដែល​ជាប់​តំបន់​ព្រំដែន​កម្ពុជា​ឡាវ​។​ខេត្ត​ភូមិភាគ​ឦសាន​មួយ​នេះ​មាន​ដង​ទន្លេ​សំបូរ​ទៅដោយ​ធម្មជាតិ​។​មាន​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​និង​មាន​ស្ពាន​ឆ្លងកាត់​ទន្លេ​ចំនួន​ពីរ​គឺ​ស្ពាន​សេកុង​និង​ស្ពាន​មេគង្គ​ដែលជា​ការអភិវឌ្ឍន៍រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ស្ពាន​ផ្លូវ​ទាំងពីរ​នេះ​បង្ក​លក្ខណៈ​​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​និង​វិស័យ​ផ្សេងទៀត​ហើយក៏​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ​។​ក្រៅពី​ធនធាន​ធម្មជាតិ​តាម​ដង​ទន្លេ​ក៏​នៅមាន​ប្រាសាទបុរាណ​ជាច្រើន​កន្លែង​ទៀត​។​លោកស្រី​រដ្ឋ​រដ្ឋលេខាធិកា​រ​បានលើកឡើង​ទៀតថា​ធនធាន​ដ៏​សំបូរ​បែប​គឺជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​ដ៏​ល្អ​នាពេល​អនាគត​។​

​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​ថា​ខេត្ត​នេះ​ស្ត្រី​ជាង ៦០% បាន​ចូលរួម​ជាមួយ​វិស័យ​ទេសចរណ៍​ដូចជា​ការចូលរួម​បម្រើ​ការងារ​ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​បម្រើកា​នៅតាម​ភោជនីយដ្ឋាន​អាហា​រដ្ឋា​ន​និង​សណ្ឋាគារ​ផ្ទះសំណាក់​ជាដើម​។​ក្រៅពីនេះ​ក៏​នៅមាន​កន្លែង​កំសាន្ត​បៀរ​កា​ដិ​ន​ខារ៉ាអូខេ​ក៏​សុទ្ធតែ​បានផ្ដល់​ឱកាស​ដល់​ស្ត្រី​ឲ្យ​មាន​ការងារ​ធ្វើ​៕​

ដោយៈសុខុម