អន្តរជាតិ

ប្រទេសចិននឹងបើកព្រំដែនឡើងវិញជាមួយហុងកុង ម៉ាកាវ បន្ទាប់ពីបិទដោយសារកូវីដ-១៩

ប្រទេសចិននឹងបើកឡើងវិញទាំងស្រុងនូវព្រំដែនរបស់ខ្លួនជាមួយនឹងទឹកដីនៃទីក្រុងហុងកុង និងម៉ាកាវ ដោយទម្លាក់តម្រូវការធ្វើតេស្តជំងឺCOVID-19 និងកូតាប្រចាំថ្ងៃ បន្ទាប់ពីបិទជិតបីឆ្នាំ។

ការិយាល័យកិច្ចការហុងកុង និងម៉ាកាវរបស់ក្រុមប្រឹក្សារដ្ឋ បាននិយាយកាលពីថ្ងៃសុក្រថា ការរឹតបន្តឹងដែលនៅសល់ទាំងអស់នឹងត្រូវដកចេញចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ៦​ ខែកុម្ភៈ ដោយដំណើរទេសចរណ៍ជាក្រុមត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញ។ ការរឹតត្បិតការធ្វើដំណើរ​ឆ្លងកាត់ព្រំដែនរវាងហុងកុង និងចិនដីគោកបានបន្តឡើងវិញក្នុងខែមករា បន្ទាប់ពីទីក្រុងប៉េកាំង​បានដាក់ចេញនូវយុទ្ធសាស្ត្ររឹតបន្តឹង កូវីដ-១៩ ដែលបានបំបែកគ្រួសារចិន កាត់ផ្តាច់វិស័យទេសចរណ៍ និងអាជីវកម្មយ៉ាងធ្ងន់ធ្ងរ។ មេដឹកនាំហុងកុង លោក ចន លី បាននិយាយកាលពីថ្ងៃសុក្រថា ការបើកដំណើរការឡើងវិញឥឡូវនេះ គឺជាផ្នែកមួយដែល “មានសណ្តាប់ធ្នាប់ សុវត្ថិភាព និងរលូន”។

បន្ទាប់ពីការបើកឡើងវិញនេះ ទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន China Transportation News ស្រាប់តែបានបង្ហាញថា ការស្វែងរកនៅលើគេហទំព័រទេសចរណ៍ចិន Qunar សម្រាប់សំបុត្រយន្តហោះទៅមករវាងទីក្រុងហុងកុង និងតំបន់ដីគោកបានកើនឡើង ៧ ដងភ្លាមៗកាលពីថ្ងៃសុក្រ។ គួរជម្រាបថា ទីក្រុងហុងកុងត្រូវបានបិទទ្វារអស់រយៈពេល ៣ ឆ្នាំហើយ ខណៈដែលរដ្ឋាភិបាលរបស់ខ្លួនបានព្យាយាមអនុវត្តតាមគោលនយោបាយជំងឺរាតត្បាតតាមការចាត់តាំងរបស់ទីក្រុងប៉េកាំងជាមួយនឹងកាតព្វកិច្ចចត្តាឡីស័ក ៣ សប្តាហ៍ ក៏ដូចជាការធ្វើតេស្ត និងការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់តឹងរ៉ឹងបំផុត៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា