អន្តរជាតិ

ដាណឺម៉ាកគ្រោងទិញរថក្រោះខ្លារខិនមួយទឹក ២០គ្រឿងពីអាល្លឺម៉ង់ផ្តល់ឲ្យអ៊ុយក្រែន

ប្រទេសដាណឺម៉ាក គ្រោងនឹងទិញរថក្រោះខ្លារខិនមួយទឹកជួសជុលចំនួន ២០គ្រឿងពីប្រទេសអាល្លឺម៉ង់ ដើម្បីយកទៅផ្តល់ជូនអ៊ុយក្រែន។

យោងតាមលោក Thorsten Peter ដែលជានាយកផ្នែកលក់នៃក្រុមហ៊ុនអាល្លឺម៉ង់ FFG បានឲ្យដឹងថា កងទ័ពដាណឺម៉ាកមិនមានរថក្រោះខ្លារខិនស៊េរី Leopard1A5 សូម្បីតែមួយគ្រឿងនៅពេលនេះ ប៉ុន្តែគ្រោងនឹងផ្គត់ផ្គង់រថក្រោះនេះចំនួន ២០ ដល់អ៊ុយក្រែន ដោយនឹងធ្វើការទិញពីក្រុមហ៊ុនអាល្លឺម៉ង់ FFG យកមកជួសជុលឡើងវិញ។ Peter បាននិយាយថា កាលពីឆ្នាំ២០១០ ដាណឺម៉ាកក៏ធ្លាប់បានទិញ​រថក្រោះ​ខាងលើ​១០០គ្រឿងដែរ តែពេលនោះបានជួសជុលហើយក៏លក់ចេញវិញ ដូច្នេះដាណឺម៉ាក​គ្រោងនឹងទិញវាចូលម្តងទៀត។

Peter បានមានប្រសាសន៍បន្ថែមទៀតថា ការជួសជុលរថក្រោះខ្លារខិន ២០គ្រឿង និងត្រៀមដឹកជញ្ជូនត្រូវបានប៉ាន់ស្មានក្នុងរយៈពេល ៣ ខែគឺទៅដល់អ៊ុយក្រែនហើយ។

ដំណឹងនេះកើតឡើងបន្ទាប់ពីកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងប្រធានាធិបតីអ៊ុយក្រែន Zelenskyy នៅទីក្រុង Odesa។ សេចក្តីថ្លែងការណ៍ ដាណឺម៉ាកថាខ្លួន​បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយសម្ព័ន្ធអន្តរជាតិ ក្នុងការផ្គត់ផ្គង់រថក្រោះដល់អ៊ុយក្រែន៕

ប្រភព៖ AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា