អន្តរជាតិ

ចិនសុំទោសអាម៉េរិករឿងបាឡុងហោះទី១ ខណៈឥឡូវរកឃើញបាឡុងទី២

សហរដ្ឋអាម៉េរិករាយការណ៍ជាថ្មីនិងបន្ទាន់ថា បានរកឃើញបាឡុងចិនមួយទៀតហើយ​កាលពីយប់​ថ្ងៃសុក្រ ដែលបានកំពុងចរដំណើរហោះលើទ្វីបអាម៉េរិកឡាទីន  ខណៈដែលបាឡុងដំបូង ចិនបានចេញមុខសុំទោស។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Ryder បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងកំពុងរកឃើញរបាយការណ៍នៃបាឡុងឆ្លងលើទ្វីបអាម៉េរិកឡាទីនថ្មីមួយទៀត”។ “ឥឡូវនេះយើងអាចវាយតម្លៃថាវាជាបាឡុងឃ្លាំមើលរបស់ចិនទៀតហើយ”។  យ៉ាងណាចំពោះទីតាំងជាក់លាក់បច្ចុប្បន្នឈានចូលថ្ងៃសៅរ៍នៃបាឡុងនេះ Ryder មិនបានលម្អិតនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសុក្រ ក្រសួងការបរទេសចិន បានចេញមុខ​សុំអភ័យទោសរួចហើយទៅលើបាឡុងមួយដំបូងដែលបានហោះក្នុងដែនអាកាសសហរដ្ឋអាម៉េរិករយៈពេល ២ថ្ងៃក្នុងរដ្ឋMontana ដែលជាកន្លែងមូលដ្ឋានយោធា និងឃ្លាំងអាវុធស្ថិតនៅ។ ចិនបានសុំទោសដោយនិយាយថា បាឡុងនោះពិតជារបស់ខ្លួនមែន តែវាគឺមានលក្ខណៈធម្មតា មិនមានគ្រោះថ្នាក់ឡើយ។ វាត្រូវបានប្រើសម្រាប់ការស្រាវជ្រាវឧតុនិយម និងវិទ្យាសាស្រ្តផ្សេងៗ។ មូលហេតុដែលហោះទៅដល់អាម៉េរិក ព្រោះដោយសារតែឥទ្ធិពលនៃខ្យល់បក់បោកខាងលិច និងសមត្ថភាពគ្រប់គ្រងមិនបានល្អ។ ជាការអំពាវនាវ ចិនសុំអភ័យទោស និងប្តេជ្ញាបន្តរក្សា​ទំនាក់ទំនងល្អជាមួយសហរដ្ឋអាម៉េរិក ហើយនឹងដោះស្រាយឱ្យបានត្រឹមត្រូវនូវស្ថានភាព​ដែលមិននឹកស្មានដល់នេះ៕

ប្រភព៖AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា