សន្ដិសុខសង្គម

គ្រឿងចក្ររលត់តៃកុងចុះពិនិត្យ ម្នាក់ទៀតឡើងបញ្ឆេះកិនស្លាប់ភ្លាម

មណ្ឌលគិរី៖ អ្នកបើកគ្រឿងចក្រប្រភេទអាប៊ុលឈូសដីបានស្លាប់ភ្លាមៗ បន្ទាប់ពីអាប៊ុលរលត់តៃកុង​បានចុះពិនិត្យ ហើយបុរសម្នាក់ទៀតកាច់សោបញ្ឆេះកិនស្លាប់តែម្តង។ហេតុការណ៍នេះកើតឡើង​នៅក្រុមហ៊ុនចម្ការកៅស៊ូមួយក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣ ខែកុម្ភៈ។ សមត្ថកិច្ចឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះលន់​ សុខលី អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិសង្កាត់ខាងលើ។

មុនកើតហេតុ ជនរងគ្រោះឈ្មោះលន់ សុខលី បានបើកអាប៊ុលឈូសដីចម្ការកៅស៊ូ ស្រាប់តែ អាប៊ុលរលត់ម៉ាស៊ីន​។ពេលនោះតៃកុងបានចុះដើម្បីសប់ប្រេងដែលសង្ស័យរលត់មកពីស្ទះប្រេង។កំពុងសប់ប្រេង ឈ្មោះលន់ សុខលីក៏បានស្រែកហៅបុរសម្នាក់ទៀតមកជួយកាច់សោដើម្បីបញ្ឆេះ ហើយខ្លួនកំពុងសប់ប្រេង។

បន្ទាប់មកបុរសរូបនោះបានឡើងបញ្ឆេះរួចម៉ាស៊ីនក៏ដំណើរការ អាប៊ុលវិលកង់ទៅមុខកិនជនរងគ្រោះ​ឈ្មោះលន់សុខលីស្លាប់ភ្លាមតែម្ដង។ក្រោយកើតហេតុ នគរបាលក្រុងសែនមនោរម្យជាមួយ​នគរបាលប៉ុស្ដិ៍សុខដុម បានចុះពិនិត្យនិងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ