សេដ្ឋកិច្ច

កម្ពុជា ស្នើ​សុំឱ្យ​វិនិយោគិន​ហុង​គ្រី សិក្សា​និង​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​និង​វិនិយោគ​នៅ​កម្ពុជា​

​ភ្នំពេញ​៖​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​បណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​ប្រទេស​ហុង​គ្រី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​។

​កិច្ចពិភាក្សា​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​យោបល់​លើ​វឌ្ឍនភាព និង​ស្វែងរក​កាលានុវត្តភាព​បន្ថែម ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​។

​ក្នុងជំនួប​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ បានស្នើ​សុំឱ្យ​វិនិយោគិន​ហុង​គ្រី សិក្សា​និង​ស្វែងយល់​បន្ថែម​ពី​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​និង​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​ជំរុញ​ឱ្យ​នាំចូល​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​ពី​កម្ពុជា​បន្ថែមទៀត​។

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរាជទូត បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនង​ល្អ ជាពិសេស​ក្នុង វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ​បន្ថែមទៀត ដើម្បី​ឈានដល់​កម្រិត​សក្តានុពល​ពេញលេញ​។

​គួរ​បញ្ជាក់ថា​៖​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា​និង​ហុង​គ្រី នៅ​ឆ្នាំ​២០២២សម្រេចបាន​ប្រមាណ​៧.៤៤ លាន​ដុល្លារ​អាមេរិក ដែល​មាន​​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ប្រមាណ​៨៤%បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០(​សម្រេចបាន​ប្រមាណ​៤​លាន​ដុល្លារ​អាមេរិក​)​។ទំនិញ​នាំចេញ​​សក្តានុពល​ពី​កម្ពុជា​ទៅ​ហុង​គ្រី រួមមាន​៖ សម្លៀកបំពាក់ ស្បែកជើង អង្ករ គ្រាប់​ធញ្ញជាតិ បន្លែ ថ្នាំជក់ ផលិតផល​ឱសថ និង​វត្ថុ​ធ្វើ​អំពី​ស្បែក​ជាដើម រីឯ​ទំនិញ​នាំចូលសក្តានុពល​ពី​ហុង​គ្រី​មក​កម្ពុជា​វិញ រួមមាន​៖វត្ថុ​ផ្សេងៗ​ធ្វើ​ពី​លោហធាតុ​ធម្មតា គីមីសរីរាង្គផលិត​ផល​ធ្វើ​ពី​ទឹកដោះ សរសៃអំបោះ​សិប្បនិម្មិត ផលិតផល​កែច្នៃ​ចេញពី​សាច់ សាច់​ត្រី ឬ​គ្រាប់​ធញ្ញជាតិ​។​ល​៕​

ដោយៈសិរីមតី