អន្តរជាតិ

អ៊ីតាលីថានឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស SAMP/T ដល់អ៊ុយក្រែននៅ៧-៨សប្តាហ៍ទៀត

ខណៈដែលអ៊ុយក្រែនបានស្នើសុំប្រព័ន្ធការពារដែនអាកាសទំនើបដើម្បីទុកចាប់មីស៊ីលផ្លោង អ៊ីតាលីបានយល់ព្រម និងសន្យាថានឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស SAMP/T ដ៏ខ្លាំងក្លារបស់ខ្លួន​ដល់អ៊ុយក្រែននៅ៧-៨សប្តាហ៍ខាងមុខ។

នេះដោយយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយកាលពីថ្ងៃ​ព្រហស្បតិ៍។ លោកថា ប្រព័ន្ធការពារដែនអាកាស Italo-French SAMP/T នឹងដំណើរការនៅក្នុង​ប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរខែខាងមុខ។ លោក Tajani ក៏​បាន​ប្រាប់​កម្មវិធី​ទូរទស្សន៍​ក្នុង​សុន្ទរកថាដោយផ្ទាល់ថា “​ខ្ញុំ​ជឿ​ជាក់​វា​នឹង​ដំណើរការ​ក្នុង​រយៈពេល​ពី​ប្រាំពីរ​ទៅ​ប្រាំបី​សប្តាហ៍​”។ ប្រព័ន្ធនេះអាចតាមដានគោលដៅជាច្រើន និងស្ទាក់ចាប់បាន ១០មីស៊ីលក្នុងពេលជាមួយគ្នា។ វាជាប្រព័ន្ធតែមួយគត់ដែលផលិតនៅអឺរ៉ុប ដែលអាចស្ទាក់ចាប់មីស៊ីលផ្លោងធំៗបាន។

ការស្នើសុំរបស់អ៊ុយក្រែនបានកើតឡើងចំពេលដែលមានរបាយការណ៍មីស៊ីលផ្លោងសាហាវៗរបស់រុស្ស៊ីវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែនសម្លាប់ជនស៊ីវិលជាច្រើននាក់។ ទីក្រុងKyiv បានស្នើសុំ​ប្រព័ន្ធនេះ​តាំងពីខែវិច្ឆិកាមកម្ល៉េះ ហើយថ្មីៗនេះក៏បានស្នើឡើងម្តងទៀត ដោយលើកហេតុផលថា មានតែប្រព័ន្ធទំនើបៗរបស់អាម៉េរិក និង SAMP/Tនេះទេដែលអាចទប់ចាប់គ្រាប់មីស៊ីលផ្លោងហោះ​ក្នុងគន្លងផ្លោងរបស់រុស្ស៊ីបាន៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា