អន្តរជាតិ

អាម៉េរិកត្រៀមបាញ់ទម្លាក់បាឡុងចិនកំពុងហោះអនាធិបតេយ្យក្នុងរដ្ឋ Montana

សហរដ្ឋអាម៉េរិកបានចល័តយន្តហោះចម្បាំងF-22 ក្រឡឹងបាឡុងចារកម្មចិន ដែលកំពុងហោះយ៉ាង​អនាធិបតេយ្យក្នុងដែនអាកាសរដ្ឋ Montana ខណៈរង់ចាំបញ្ជាពីសេតវិមានដើម្បីបាញ់ទម្លាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាម៉េរិក ដែលបានរាយការណ៍បន្ទាន់នៅថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឲ្យដឹងថា មានបាឡុងដ៏ធំមួយបានកំពុងហោះហើរយ៉ាងអនាធិបតេយ្យ​អស់រយៈពេល​២ថ្ងៃហើយចូលមកក្នុងដែនអាកាសរដ្ឋ Montana សហរដ្ឋអាម៉េរិក។ បាឡុងនោះត្រូវបាន​ភ្នាក់ងារសន្តិសុខអាម៉េរិកកំណត់អត្តសញ្ញាណថាជារបស់ចិន ជាបាឡុងចារកម្មស៊ើបការណ៍របស់ចិន។ យោងតាមមន្ទីរបញ្ចកោណ សហរដ្ឋអាម៉េរិកបានសំដែងការព្រួយបារម្ភចំពោះការគំរាមកំហែងនេះ បើទោះបីបច្ចុប្បន្នមិនមានគ្រោះថ្នាក់ណាមួយកើតឡើងក៏ដោយ។ កងទ័ពសហរដ្ឋអាម៉េរិក​បានបញ្ចេញយន្តហោះចម្បាំងស៊េរី F-22 ឲ្យហោះក្រឡឹងទៅមកដើម្បីតាមដាន និងឃ្លាំមើល ពិសេសកំពុងរង់ចាំបញ្ជាពីខាងសេតវិមានដើម្បីបាញ់ទម្លាក់ចោលតែម្តង។​

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ឯក Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា “រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានរកឃើញ និងកំពុងតាមដានបាឡុងហោះនៅរយៈកម្ពស់ខ្ពស់ ដែលស្ថិតនៅលើទ្វីបសហរដ្ឋអាម៉េរិកនាពេលនេះ”។ មូលហេតុដែលអាម៉េរិកមិនទាន់ហ៊ាន​បាញ់​ទុកចាំមើលសិន គឺដោយសារតែខ្លាចប៉ះពាល់មនុស្សដែលនៅលើដី។ បច្ចុប្បន្ននេះទីតាំងបាឡុងកំពុងធ្វើ​ដំណើរក្នុងរយៈកម្ពស់ខ្ពស់ពីលើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មអាម៉េរិក។ ក៏ប៉ុន្តែយ៉ាងណាមិញ រដ្ឋ Montana ត្រូវបានគេស្គាល់ថាជាមូលដ្ឋានទ័ពអាកាស Malmstrom មានឃ្លាំងអាវុធប្រហែល ១៥០ សម្រាប់ដាក់កាំជ្រួចអន្តរទ្វីប រួមទាំងកាំជ្រួចនុយក្លេអ៊ែរ Minuteman III ផងដែរ។ ជុំវិញព័ត៌មានដ៏រសើបនេះមិនទាន់មានការបកស្រាយពីចិននោះទេ៕

ប្រភព៖CBS NEWS

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា