សេដ្ឋកិច្ច

នៅ​ឆ្នាំ​២០២២ ចំណូល​ពី​ពន្ធដារ ជាង​៣៤០០​លាន​ដុល្លារ​

​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ពន្ធដា​រ នា​ដើម​សប្តាហ៍​នេះ បាន​ផលិត​វីដេអូ​បង្ហាញ​ពី​របាយការណ៍​សង្ខេប ស្តីពី​វឌ្ឍនភាព​ការងារ​គ្រប់គ្រង​ការប្រមូល​ចំណូល​ពន្ធ ប្រចាំឆ្នាំ​២០២២​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា​៖​នៅ​ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន ១៣ ៩៩៣.២០​ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣ ៤៥៥.១១​លាន​ដុល្លារ​) ស្មើនឹង​១២២.៥៤% នៃ​ផែនការ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០២២ ធៀប​នឹង​ចំណូល​ពន្ធ​-​អាករ ក្នុង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ កើនឡើង​ចំនួន ២ ៧០២.៧៣ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៦៦៧.៣៤​លាន​ដុល្លារ​) ស្មើនឹង ២៣.៩៦%​។​

​សម្រាប់​រយៈពេល​១២​ខែ ក្នុង​ឆ្នាំ​២០២២ ចំណូល​ពី​ប្រភេទ​ពន្ធ​សំខាន់ៗ បាន​រក្សា​កំណើន​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ក្នុងនោះ ពន្ធ​លើ​ប្រាក់ចំណូល ២៣.៧៣%, អាករ​លើ​តម្លៃបន្ថែម ៣៤.១០%, ពន្ធលើប្រាក់បៀវត្ស ២២.៤៥%, អាករ​ពិសេស ២៥.៧០%, និង ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរកម្មសិទ្ធិ និង​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ១២.៧០%​៕ដោយៈសិរីមតី