សេដ្ឋកិច្ច

ទិសដៅ​ឆ្នាំ ២០២៣ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន ៧៥​ម៉ឺន​តោន​និង​១ លាន​តោន​អង្ករ​នៅ​ឆ្នាំ​២០២៥

​ភ្នំពេញ៖នៅក្នុង​កម្មវិធី​សន្និបាត​បូ​ករុប​ការងារ​ពាណិជ្ជ​កម្ម​ឆ្នាំ​២០២២និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៣​របស់​ក្រសួងពាណិ ជ្ជកម្ម​លោក​ឧកញ៉ា ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានលើកឡើង​អំពី​សមិទ្ធិផល​ដែល​អនុវត្តបាន​ក្នុង​ឆ្នាំ ២០២២ និង​ទិសដៅ​ឆ្នាំ​២០២៣​។​

ទាក់ទង​នឹង​ទិសដៅ​សម្រាប់​ឆ្នាំ ២០២៣ លោក​ឧកញ៉ា ចាន់ សុ​ឃាំង បានឱ្យដឹងថា៖សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានកំណត់​យក​គោលដៅ​ចំនួន ២ ធំ គឺ ៖
១. ជំរុញ​ការនាំចេញ​អង្ករ​ឱ្យបាន ៧៥​ម៉ឺន​តោន​នៅក្នុង​ឆ្នាំ​២០២៣ និង​ឈានដល់ ១ លាន​តោន​អង្ករ​នៅ​ឆ្នាំ​២០២៥​។​
២. បង្ក​ភាពងាយស្រួល​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ប្រកបដោយ​ប្រាក់ចំណេញ ភាព​ធន់ និរន្ត​ភាព និង​បរិ​យាប​ន្ន​។​

​ជាមួយគ្នានេះដែរ សហព័ន្ធ​ស្រូវ​អង្ករ ក៏បាន​ដាក់ចេញ​នូវ​សកម្មភាព​សំខាន់​មួយចំនួន​ដូចជា​បន្ត​ពង្រឹង​អភិបាលកិច្ច​នៃ​កិច្ចដឹកនាំ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ទទួលបាន​ទុកចិត្ត​ពី​សមាជិក និង​ភាគី​ពាក់ព័ន្ធ និង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល ៥​ឆ្នាំ (២០២៣-២០២៧) ។​បន្ត​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន ហ្គ្រី​ន​ត្រេ​ដ ក្នុង​ការបើក​ច្រក​ទីផ្សារ​ថ្មី ជាពិសេស​ប្រទេស​ហ្វីលីពីន និង​ពង្រីក​សក្តានុពល​ទីផ្សារ​ផ្សេងទៀត​តាមរយៈ​ការចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​ម​ជ្ឈឹ​ម​បូព៌ា សហគមន៍​អឺរ៉ុប​។ លើសពីនេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​បន្ត​នឹង​ការពង្រីក​សក្តានុពល​នឹង​ស្នើ​បង្កើន​បរិមាណ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ឱ្យបាន​ច្រើនជាង​៤០​ម៉ឺន​តោន នៅក្នុង​ឆ្នាំ​២០២៣ នេះ​តទៅ និង​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ការគ្រប់គ្រង​សន្និធិ​ស្បៀង​ក្នុងស្រុក​ជាមួយ​ក្រសួង​បន្ថែមទៀត​។

ជាងនេះទៅទៀត សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹងបន្ត​ចូលរួម​សហការ​ណ៍​ជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើ​ផែនការ​ផលិតកម្ម​និង​ការផ្គត់ផ្គង់​ពូជ រួមជាមួយ​កិច្ចសន្យា​កសិកម្ម​ ជម្រុញនិង​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការរៀបចំ​កញ្ចប់​តម្លៃ​ផ្នែក​ភស្តុភា​រកម្ម និង​ដឹកជញ្ជូន​ជូន​ដល់​សមាជិក​ដើម្បីឱ្យ​ថ្លៃដើម​កាន់តែ​ទាប និង​មាន​ភាព​ប្រកួតប្រជែង​ជាង​មុន​។​ល​។​ព្រមទាំងរៀបចំ​ឱ្យមាន​មូលនិធិ​សម្រាប់​ការធ្វើការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជស្រូវ​ដែល​ឆ្លើយតប​ទៅនឹង​ភាព​ប្រកួតប្រជែង​ទីផ្សារ ភាព​ធន់ និង​ការប្រែប្រួល​អាកាសធាតុ​។​ល​។​ដោយៈសិរីមតី