សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនឆបោកយកម៉ូតូនិងអ្នកទទួលបញ្ចាំទៅតុលាការ

កណ្ដាល៖នគរបាលក្រុងតាខ្មៅ ស្រាវជ្រាវចាប់បានជនសង្ស័យ២នាក់ ករណីឆបោកយកម៉ូតូគេទៅបញ្ចាំ​និងអ្នកទទួលបញ្ចាំ ហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួននៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២ ខែកុម្ភៈ។បុរសសង្ស័យ២នាក់-ឈ្មោះនុន ស៊ីណាត អាយុ២៦ឆ្នាំនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះសុខ វណ្ណី អាយុ៣៧ឆ្នាំ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ចំណែកម្ចាស់ម៉ូតូ​ឈ្មោះ វី វុទ្ធី អាយុ១៨ឆ្នាំ នៅភូមិ សង្កាត់ខាងលើ។សម្ភារចាប់បានម៉ូតូម៉ាកហុងដាឌ្រីម​ផ្លាកលេខកណ្តាល1C:6074 របស់ជនរងគ្រោះ ហើយប្រគល់ឱ្យម្ចាស់ដើមវិញ។

កាលពីថ្ងៃទី៨ ខែមករាឆ្នាំ ២០២៣ ជនសង្ស័យឈ្មោះនុន ស៊ីណាត បានខ្ចីម៉ូតូពីឈ្មោះ វី វុទ្ធី ថាទៅលេងផ្ទះមិត្តភក្តិ រួចក៏ទៅបាត់រហូត ត្រូវម្ចាស់ដាក់ពាក្យបណ្តឹង។រហូតដល់ថ្ងៃទី២ ខែកុម្ភៈនេះ នគរបាលប៉ុស្តិ៍កំពង់សំណាញ់ចាប់បានជនសង្ស័យយកទៅសាកសួរ។

នៅចំពោះមុខនគរបាល បុរសរូបនោះបានសារភាពថា ខ្លួនបានយកម៉ូតូខាងលើទៅបញ្ចាំឱ្យឈ្មោះ សុខ វណ្ណីនៅខណដង្កោតម្លៃ១៥០ដុល្លារ។ក្រោយមកនគរបាលក្រុងតាខ្មៅតាមចាប់ឈ្មោះ សុខ វណ្ណី និងវត្ថុតាងក្នុងបទល្មើសទទួលផលចោរកម្មយកកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ