អន្តរជាតិ

អាល្លឺម៉ង់ស្តាយស្រណោះរថក្រោះខ្លារខិន ក្រោយយល់ព្រមឲ្យអ៊ុយក្រែន១៤គ្រឿង

អាល្លឺម៉ង់សម្ដែងក្តីស្តាយស្រណោះជាមួយរថក្រោះខ្លារខិនរបស់ខ្លួន ក្រោយបានយល់ព្រមសន្យា​ផ្តល់ឲ្យអ៊ុយក្រែនចំនួន១៤គ្រឿងនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថ្មី លោក Boris Pistorius បាននិយាយនៅក្នុងដំណើរទស្សនកិច្ចទៅកាន់​បន្ទាយទាហាននៅទីក្រុង Augustdorf នៅថ្ងៃព្រហស្បតិ៍នេះថា ការប្រគល់អាវុធដែលបានប្រកាស​កាលពី​សប្តាហ៍មុនគឺជាកិច្ចការចាំបាច់ ដើម្បីជួយ“ប្រជាជនអ៊ុយក្រែនឲ្យឈ្នះសង្គ្រាម” ។ ប៉ុន្តែសម្រាប់ទាហានអាល្លឺម៉ង់ប្រហែល ៥៥០ នាក់នៅក្នុងកងវរសេនាតូចដែលឈរជើង​នៅទីប្រជុំជនភាគពាយ័ព្យប្រទេសអាល្លឺម៉ង់វិញ វាគឺជាការបាត់បង់រថក្រោះ Leopard 2 ចំនួន ១៤ គ្រឿងដែលមានអារម្មណ៍អាឡោះអាល័យ។ រដ្ឋមន្រ្តីរូបនេះបានប្រាប់លម្អិតទៀតថា “បេះដូងរបស់ទាហានអាល្លឺម៉ង់ស្ទើរប្រេះបែកនៅពេលដឹងថារថក្រោះទាំងនេះនឹងត្រូវចាកចេញ”។

ទោះជាយ៉ាងណាក៏ដោយ Pistorius បានសង្កត់ធ្ងន់ថា លោកមានបេះដូងពីរ មួយគឺ អ៊ុយក្រែន និងមួយទៀតគឺអាល្លឺម៉ង់ “ហើយអ៊ុយក្រែនត្រូវការការគាំទ្រសំខាន់ខានមិនបានពីអាល្លឺម៉ង់”។ សូមរំលឹកជាថ្មីថា ការសម្រេចចិត្តរបស់អាល្លឺម៉ង់ក្នុងការផ្តល់រថក្រោះខ្លារខិនចំនួន​១៤គ្រឿងដល់អ៊ុយក្រែន បានកើតឡើងក្រោយអាម៉េរិកសម្រេចផ្តល់រថក្រោះ ABRAM។ ការបើកសោរថក្រោះខ្លារខិនបានធ្វើឲ្យរុស្ស៊ីខឹងខ្លាំងណាស់ និងបានព្រមានពីមហន្តរាយទំនាក់ទំនងរុស្ស៊ី-អាល្លឺម៉ង់៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា