អន្តរជាតិ

អាម៉េរិកត្រៀមផ្តល់ជំនួយយោធាថ្មី តម្លៃជាង២ពាន់លានដុល្លារដល់អ៊ុយក្រែន

សហរដ្ឋអាម៉េរិក ប្រកាសត្រៀមផ្តល់ជំនួយយោធាថ្មីមួយទៀតតម្លៃជាង ២ពាន់លានដុល្លារដល់ អ៊ុយក្រែន ដោយរួមបញ្ចូលអាវុធចម្ងាយឆ្ងាយជាងរយគីឡូម៉ែត្រ អាវុធប្រឆាំងរថក្រោះ និងប្រព័ន្ធការពារទំនើបដឹកទៅនៅសប្តាហ៍នេះ។

នេះដោយយោងតាមប្រភពបណ្តាញសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃពុធទី ១ ខែកុម្ភៈ ឆ្នាំ២០២៣។ មន្ត្រីម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ផ្នែកមួយនៃកញ្ចប់ជំនួយជាង២ពាន់លាន ដុល្លារ ក្នុងនោះថវិកាប្រមាណ ១,៧៦៥ពាន់លានដុល្លារ នឹងត្រូវបានយកចេញពីមូលនិធិជំនួយ អ៊ុយក្រែនដែលគេស្គាល់ថា (USAI) ដើម្បីអាចអនុញ្ញាតឱ្យរដ្ឋបាលលោកប្រធានាធិបតី Joe Biden ទិញអាវុធពីកន្លែងផលិតរោងចក្រផ្ទាល់ ជាជាងយកចេញពីស្តុកអាវុធរបស់សហរដ្ឋអាម៉េរិក។

តាមការបង្ហើបបន្ថែមទៀត ជំនួយគ្រោងនឹងរួមបញ្ចូលសម្ភារយោធា គ្រឿងអាវុធរយៈចម្ងាយឆ្ងាយ ហៅកាត់(GLSDB) ដែលអាចបាញ់បានរហូតដល់ទៅ ១៥០គីឡូម៉ែត្រ ប្រព័ន្ធការពារដែនអាកាស HAWK ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក, ប្រព័ន្ធប្រឆាំងរថក្រោះ Javelin ,រ៉ាដាឃ្លាំមើលអាកាស, ឧបករណ៍ទំនាក់ទំនង, យន្តហោះគ្មានមនុស្សបើក PUMA ,គ្រឿងបន្លាស់សម្រាប់ប្រព័ន្ធការពារសំខាន់ៗ ដូចជា Patriots និងគ្រឿងសម្រាប់រថពាសដែក Bradley។ សម្រាប់ការដឹកជញ្ជូន ប្រភពខាងលើប្រាប់ថា នឹងធ្វើឡើងឲ្យបានឆាប់នៅសប្តាហ៍នេះ។

ជុំវិញព័ត៌មានលម្អិតផ្លូវការ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ខ្លឹមសារ និងទំហំនៃកញ្ចប់ ជំនួយអាចផ្លាស់ប្តូរបានគ្រប់ពេល ដរាបណាមិនទាន់ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី។

គួរជម្រាបថា បូកទាំងចាស់និងថ្មី សហរដ្ឋអាម៉េរិកបានបញ្ជូនជំនួយសន្តិសុខសរុបប្រមាណ ២៧,២ ពាន់លានដុល្លារហើយទៅឱ្យអ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុន៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា