អន្តរជាតិ

អភិបាល​ក្រុង​រុស្ស៊ី​និយាយ​ថា​ មនុស្ស​៧​នាក់បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះ​ការដ្ឋាន​សំណង់​តំបន់​គ្រីមៀរ

អភិបាលក្រុងរុស្ស៊ីបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស៧នាក់បានស្លាប់ក្នុងអគ្គិភ័យ​ឆេះការដ្ឋានសំណង់ជាយ Sevastopol តំបន់គ្រីមៀរ។

លោក Mikhail Razvozhayev ដែលជាអភិបាលតំបន់កើតហេតុ Sevastopol តំបន់គ្រីមៀរតែងតាំង​ដោយរុស្ស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គិភ័យបានឆាបឆេះនៅក្នុងអគារស្នាក់នៅពីរជាន់​របស់កម្មករសំណង់ស្ថិតនៅផ្លូវហាយវេ Tavrida ដែលជាផ្លូវថ្មីមួយតភ្ជាប់ទីក្រុងSevastopol និង Simferopol ។ ប្រាប់លម្អិតតាមបណ្តាញសារតេលេក្រាម​ លោក Razvozhayev ថា បន្ទាប់ពីអគ្គិភ័យ​បានឆាបឆេះ​ពេញមួយយប់ ដោយសារទុស្សេចរន្តអគ្គិសនី ភ្លើងបានរលត់ទៅវិញហើយ​នៅព្រឹកថ្ងៃព្រហស្បតិ៍ តែជាលទ្ធផលមនុស្ស៧នាក់បានបាត់បង់ជីវិតទៅហើយ។

យ៉ាងណា គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មធំៗ បាននិយាយថា ខ្លួនបានបើកការស៊ើបអង្កេតលើមូលហេតុនៃការឆេះ ហើយថាអ្នកស៊ើបអង្កេតកំពុងធ្វើការ​នៅទីតាំងនោះ។ ជុំវិញឧប្បត្តិហេតុនេះ មិនមានប្រភពណាមួយចោទប្រកាន់អ៊ុយក្រែនទេ។ តំបន់គ្រីមៀរគឺជាទឹកដីអ៊ុយក្រែន តែត្រូវបានរុស្ស៊ីដាក់បញ្ចូលជាកម្មសិទ្ធិនៅ​ក្នុង​ឆ្នាំ ២០១៤។ អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​មាន​ផែនការចង់​រំដោះយក​មកវិញ​ទាំងអស់ដោយកម្លាំង៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា