សុខភាព

ការព្យាបាលស្បែកដោយសត្វខ្យងទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសស៊ីរី

ដោយ៖តុលា

ការព្យាបាលស្បែកដោយប្រើសត្វខ្យង ទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសស៊ីរី។

អ្នកឯកទេសថែរក្សាស្បែក Mohammed al-Haffar និងប្អូនស្រីរបស់គាត់អ្នកនាង Riham បាន ផ្តល់ជូននូវការព្យាបាលមុខស្តើងនៅមជ្ឈមណ្ឌលសម្រស់របស់ពួកគេនៅទីក្រុងដាម៉ាស។

ពួកគេនិយាយថា “វាគឺជាបច្ចេកទេសថ្មីមួយ ដែលកំពុងត្រូវបានណែនាំដល់ប្រទេសស៊ីរី”។ “មានអ្នកចូលរួមយ៉ាងច្រើន ដោយសារតែមនុស្សសុខចិត្តត្រឡប់ទៅរករបស់ធម្មជាតិ សុទ្ធ និងសរីរាង្គ ពីព្រោះសារធាតុគីមីតែងតែមានផលប៉ះពាល់”។ Al-Haffar នាំចូលពងខ្យង albino ហើយចិញ្ចឹមវាក្នុងបរិយាកាសសើម ដែលឥឡូវនេះគាត់មានខ្យងប្រហែល ១៥០០ ក្បាល សម្រាប់ការបញ្ជូនទៅប្រើក្នុងមជ្ឈមណ្ឌលកែសម្ផស្សក្នុងស្រុកផ្សេងទៀត។ យោងតាមសម្រង់សម្តីដោយរ៉យទ័រ អ្នកមកទទួលសេវាកម្មខ្យងបាននិយាយថា “ខ្ញុំបានសាកល្បងវានៅក្រៅប្រទេសហើយវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ។ ស្បែករបស់ខ្ញុំប្រែជាទន់ ហើយរន្ធញើសរបស់ខ្ញុំក៏កាន់តែតូច។ ខ្ញុំសប្បាយចិត្តណាស់ដែលឃើញពួកគេមានការព្យាបាលដោយខ្យងនៅក្នុងមជ្ឈមណ្ឌលនេះ ហើយខ្ញុំនឹងធ្វើវាឱ្យបានទៀងទាត់” ។

មូលហេតុដ៏ចម្បងមួយទៀតគឺថា អ្នកខ្លះជឿថាទឹកមាត់ខ្យងអាចជួយបង្កើនកូឡាជែន និងផ្តល់សំណើមដល់ស្បែកឲ្យមានភាពរលោង និងក្មេងជាងវ័យ។ ទោះជាយ៉ាងណាក៏ដោយ វាក៏នៅតែមិនទាន់មានការស្រាវជ្រាវវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ពីអត្ថប្រយោជន៍របស់វានៅឡើយទេ៕