សន្ដិសុខសង្គម

ឈឺពោះសម្រាលកូនលើវាលស្មៅមុនពេលក្រុមគ្រូពេទ្យមកដល់

កោះកុង៖ស្ត្រីម្នាក់បានឈឺពោះសម្រាលកូន ធ្វើដំណើរទៅមិនទាន់ដល់មន្ទីរពេទ្យផងស្រាប់តែ​បង្កើតកូននៅលើវាលស្មៅមុនពេលក្រុមគ្រូពេទ្យចុះជួយអន្តរាគមន៍។

ប្រជាពលរដ្ឋបានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​សម្រាលកូន​នៅ​កណ្តាលផ្លូវនៅ​​លើ​វាលស្មៅ ខណៈ​ពេល​ឈឺពោះ​ខ្លាំង​ពេក​ធ្វើ​ដំណើរ​មិនទាន់​ដល់​មន្ទីរពេទ្យ។ស្ត្រី​សម្រាលកូន​ឈ្មោះ កែវ សម្ផស្ស អាយុ​៣៦​ឆ្នាំ ជាកម្មករ​រោងចក្រ ​ប្តី​ឈ្មោះអ៊ូ ហ៊ូ​វ អាយុ​៤១​ឆ្នាំ ជា​តៃកុងរថយន្ត​ដឹក​ដីនៅ​ភូមិ​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

បុរសជាប្ដីឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ក្រុមគ្រូពេទ្យផ្នែកសម្ភព-រោគស្ត្រីនៃមន្ទីរពេទ្យខេត្តកោះកុង​បានចុះជួយសង្គ្រោះប្រពន្ធរបស់ខ្លួនឈឺពោះសម្រាលកូននៅតាមផ្លូវដែលដាច់ស្រយាល។ ក្រុម​គ្រូពេទ្យ​បាន​ឱ្យដឹងថា ស្ត្រី​ខាងលើ​សម្រាល​បានកូន​ស្រី​ម្នាក់មាន​ទម្ងន់​២​គីឡូ៧ក្រាម ជា​កូន​​ទី​៤​ក្នុង​គ្រួសារមួយ​។

​ពេល​រថយន្ត​សង្គ្រោះ​ទៅ​ដល់​កន្លែង​កើតហេតុ ស្ត្រី​ខាងលើ​បាន​សម្រាលកូន​រួច​ទៅ​ហើយ ក្រុមគ្រូពេទ្យ​បាន​លើកដាក់រថយន្ត​ដឹកទៅ​មន្ទីរពេទ្យ​​ប្រកបដោយ​សេចក្តីសុខនិងមានសុខភាព​ល្អ​ទាំង​ម្តាយនិងកូន៕ដោយ៖វិចិត្រ