អន្តរជាតិ

ផ្កាយដុះកន្ទុយបៃតងនឹងបង្ហាញខ្លួនច្បាស់នៅថ្ងៃទី ២ ខែកុម្ភៈឆ្នាំ២០២៣នេះ

អ្នកវិទ្យាសាស្រ្តអាម៉េរិកបានជូនដំណឹងថា នៅថ្ងៃទី២ ខែកុម្ភៈ ដែលត្រូវជាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ផ្កាយដុះកន្ទុយពណ៌បៃតងនឹងបង្ហាញខ្លួនច្បាស់មិនធ្លាប់បានឃើញក្នុងរយៈពេល៥ម៉ឺនឆ្នាំ។

យោងតាមទីភ្នាក់ងារវិទ្យាសាស្រ្តណាសាអាម៉េរិកធ្វើការជូនដំណឹងជាថ្មីនៅសប្តាហ៍នេះ ផ្កាយដុះកន្ទុយពណ៌បៃតង ឬហៅថាជា ZTF នឹងបង្ហាញខ្លួនច្បាស់ខ្លាំងនៅអឌ្ឃគោលខាងជើង​នៅយប់ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ តាមរយៈការមើលតាមកែវយឹត តេលេស្កុបតូចៗ ឬតំបន់ខ្លះអាចមើលឃើញដោយភ្នែកទទេ។ ទីភ្នាក់ងារបានបញ្ជាក់ឲ្យដឹងទៀតថា ផ្កាយដុះកន្ទុយនេះមិនមានផ្តល់គ្រោះថ្នាក់ដល់មនុស្សជាតិនៅលើភពផែនដីនោះទេ វានឹងបង្ហាញពន្លឺដ៏សែនភ្លឺនៅភាគខាងជើងនៅអំឡុងដើមខែកុម្ភៈនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈក្នុងរយៈចម្ងាយ ៤២លានគីឡូម៉ែត្រ មុនពេលវាត្រូវហោះទៅជិតបំផុតនឹងភពព្រះអង្គារ និងបន្តរហូតចេញទៅខាងក្រៅប្រព័ន្ធព្រះអាទិត្យលែងវិលមកវិញ។

ជាការណែនាំ ដើម្បីអាចងាយនឹងមើលឃើញនូវពន្លឺដ៏ស្រស់ស្អាតនៃផ្កាយនេះ ការស្វែងរក​ទីតាំងដាច់ស្រយាលឆ្ងាយពីភ្លើងទីប្រជុំជនគឺជាគន្លឹះដ៏សំខាន់មួយ ខណៈដែលអង្គការណាសា គ្រោងនឹងមើលវាដោយប្រើកែវយឹតអវកាសថ្មី James Webb ដែលអាចផ្តល់តម្រុយផ្សេងៗ​អំពីកំណកំណើតនៃប្រព័ន្ធព្រះអាទិត្យ។ យោងតាមណាសាដដែល ផ្កាយដុះកន្ទុយ ZTF គឺជាផ្កាយមួយដែលមិនធ្លាប់ឃើញក្នុងរយៈពេលប្រហែល ៥ម៉ឺនឆ្នាំ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា