អន្តរជាតិ

អាម៉េរិកដាក់ទណ្ឌកម្មក្រុមហ៊ុនអ៊ីរ៉ង់ចំនួន ៧ ជុំវិញការផលិតយន្តហោះគ្មានមនុស្សបើកជួយរុស្ស៊ី

សហរដ្ឋអាម៉េរិក ​ដាក់ទណ្ឌកម្មក្រុមហ៊ុនអ៊ីរ៉ង់ចំនួន៧ទៀតនៅសប្តាហ៍នេះចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដោយចោទថាក្រុមហ៊ុនទាំងនោះបានផលិតយន្តហោះគ្មានមនុសបើកជួយរុស្ស៊ី។

នេះដោយយោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មអាម៉េរិកផ្ទាល់តែម្តងកាលពីថ្ងៃអង្គារ ទី ៣១ ខែមករា ឆ្នាំ២០២៣។ ក្រសួងបាននិយាយថា អង្គភាពអ៊ីរ៉ង់ចំនួនប្រាំពីរត្រូវបានបញ្ចូលទៅក្នុងបញ្ជី​បិទពាណិជ្ជកម្មរបស់ខ្លួន ចំពោះការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងយោធារបស់រុស្ស៊ីតាមរយៈ​ការជួយ​ផលិត​យន្តហោះគ្មានមនុស្ស​បើក។ អង្គភាពទាំងនោះគឺបានរកឃើញថាបានជាប់ពាក់ព័ន្ធ​នឹងការរចនាផលិតម៉ាស៊ីនយន្តហោះ ជាអង្គភាពកងឆ្មាំបដិវត្តន៍អ៊ិស្លាម កងកម្លាំងអាកាសយានិក, និងអង្គការជីហាតអ៊ិស្លាម។

ក្រុមហ៊ុនទាំងនោះត្រូវបានរាយបញ្ជីរួមមាន ក្រុមហ៊ុន Oje Parvaz Mado Nafar , ក្រុមហ៊ុន Paravar Pars, ក្រុមហ៊ុន Qods Aviation Industry និងក្រុមហ៊ុន Shahed Aviation Industries ។ តាមសេចក្តីថ្លែងការណ៍​ដដែល ក្រសួងបាននិយាយថា យានគ្មានមនុស្សបើករបស់អ៊ីរ៉ង់ (UAVs) ដែលផលិតបានរួចហើយ កំពុងត្រូវបានផ្ទេរទៅឱ្យប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ដែលផ្ទុយនឹងផល​ប្រយោជន៍​សន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា