សន្ដិសុខសង្គម

អាជ្ញាធរ​ខេត្តដាក់កម្លាំងការពារសត្វផ្សោតបន្ថែមទៀតនៅតំបន់អភិរក្ស

ក្រចេះ៖ បន្ទាប់ពីមានកិច្ចប្រជុំរដ្ឋបាលខេត្តក្រចេះបានចេញសេចក្តីសម្រេចមួយក្នុងការរួមគ្នា ការពារសត្វផ្សោតកុំឱ្យងាប់បន្តទៀត ដោយដាក់កម្លាំងការពារបន្ថែមជាង៤០នាក់លើទីតាំងចំនួន១១។

មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានឱ្យដឹងកាលពីថ្ងៃទី៣១ ខែមករាថាអាជ្ញាធរខេត្តក្រចេះ​បានដាក់ឆ្មាំបន្ថែម៤៤នាក់លើទីតាំងចំនួន១១ នៅតាមដង​ទន្លេមេគង្គក្នុងតំបន់អភិរក្សដើម្បីការពារផ្សោតកុំឱ្យងាប់បន្តទៀត។​កន្លងមកកម្លាំងឆ្មាំទន្លេ​បានខិតខំចេញល្បាតទាំងយប់-ថ្ងៃដើម្បីធានាសុវត្ថិភាពចំពោះសត្វផ្សោត។ ប៉ុន្តែជនល្មើសតែងតែលួចបង្កហានីភ័យដល់ផ្សោតគ្រប់ល្បិចកលតាមរយៈប្រើឧបករណ៍ខុសច្បាប់បណ្តាលឱ្យផ្សោតងាប់ជាបន្តបន្ទាប់។

មន្ត្រីដដែលបានបន្តថា ការងាប់សត្វផ្សោតមួយក្បាល​មិនដូចជាងាប់ត្រីមួយក្បាលនោះទេ។ ប៉ុន្តែនៅខេត្តក្រចេះ​ប្រសិនជាអត់ផ្សោតគឺគេមិនសូវស្គាល់ខេត្តនេះទេ។លើពិភពលោកសត្វផ្សោត​ទឹកសាបមានតែនៅប្រទេសកម្ពុជាគឺខេត្តក្រចេះនិងខេត្តស្ទឹងត្រែង។សព្វថ្ងៃនៅខេត្តក្រចេះ​សល់ផ្សោតប្រមាណ៥០-៥៥ក្បាល ដែលជាផ្សោតពេញវ័យមិនរាប់កូនផ្សោតទេ ខណៈផ្សោតបានងាប់ចំនួន២៧ក្បាលនារយៈពេល៣ឆ្នាំចុងក្រោយនេះនៅតំបន់ខេត្តក្រចេះនិងស្ទឹងត្រែង។

ផ្សោតនៅសល់សរុបទាំងខេត្តក្រចេះនិងខេត្តស្ទឹងត្រែងចំនួន ៨៩ក្បាល។ឆ្នាំ២០២២មានសត្វផ្សោតងាប់​បានកើនឡើងរហូតដល់ទៅ១១ក្បាលខេត្តក្រចេះ៩ក្បាល៕ដោយ៖វិចិត្រ