សន្ដិសុខសង្គម

ល្បិចចោរដាក់ថ្នាំពុលក្នុងសាច់ឱ្យឆ្កែ-ឆ្មាស៊ី កាត់សោលួចយកម៉ូតូទៅបាត់

ពោធិ៍សាត់៖ល្បិចក្រុមចោរបានដាក់ថ្នាំពុលក្នុងសាច់ហើយបោះឱ្យឆ្កែ-ឆ្មាស៊ី បណ្តាលឱ្យងាប់ រដូករណែលរួចកាត់សោលួចយកម៉ូតូមួយគ្រឿងទៅបាត់។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្រុមជនសង្ស័យបានយកថ្នាំពុលប្រឡាក់ជាមួយសាច់ រួចបោះឱ្យឆ្កែនិងឆ្មាស៊ី បណ្តាលឱ្យងាប់រដូករណែលក្បែរៗផ្ទះ ហើយបានកាត់សោលួចយកម៉ូតូ មួយគ្រឿងទៅបាត់។ម៉ូតូដែលចោរលួចម៉ាកហុងដាឌ្រីម ផ្លាកលេខពោធិ៍សាត់1M-6991។

មន្ត្រីដដែលបានបន្តថា ករណីនេះបានកើតឡើងនៅភូមិកំពង់ស្ទោង សង្កាត់ចម្រើនផល ក្រុង/ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី៣១ ខែមករា។ម្ចាស់ម៉ូតូឈ្មោះសួន សារ៉ន អាយុ៣៩ឆ្នាំ។

ក្រុមចោរដែលដាក់ថ្នាំបំពុលសម្លាប់ឆ្កែនិងឆ្មាលួចយកម៉ូតូពេលយប់មិនដឹងបាត់ពីម៉ោងប៉ុន្មាននោះទេ។លុះម្ចាស់ផ្ទះភ្ញាក់វេលាទៀបភ្លឺទើបដឹងក៏ផ្អើលឆោឡោតែម្ដង។ក្រោយមានចោរកម្មដ៏ឃោរឃៅនេះ កម្លាំងនគរបាលក្រុងពោធិ៍សាត់កំពុងស្រាវជ្រាវស្វែងរកមុខសញ្ញាចាប់យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖វិចិត្រ