សន្ដិសុខសង្គម

រៀបចំសំណុំរឿងបញ្ជូនបុរស៣នាក់ និងវល្លិរមៀតជាង៥០០គីឡូទៅតុលាការ

កោះកុង៖ កាលពីថ្ងៃទី៣១ ខែមករា សមត្ថកិច្ចបានចាប់បុរស៣នាក់ពាក់ព័ន្ធដឹកជញ្ជូននិងរក្សាទុក​វល្លិរមៀតដោយខុសច្បាប់ទម្ងន់៥០៥គីឡូក្រាម និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។

មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា បុរសឈ្មោះ ហ៊ាង ហាក់មុន្នី អ្នកដឹកជញ្ជូនចំណិតវល្លិរមៀតស្ងួត​ទម្ងន់៤៥៥គីឡូក្រាមខុសច្បាប់តាមរថយន្តម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ ផ្លាកលេខ កោះកុង 2C-6579។ក្រោយពីទទួលចម្លើយ ក្រុមសមត្ថកិច្ចបានចុះឆែកឆេរផ្ទះឈ្មោះ សុខ វី អាយុ ៤២ឆ្នាំ និងឈ្មោះប៉ាក ញ៉ាន អាយុ៤៤ឆ្នាំ នៅភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

កម្លាំងជំនាញបានរកឃើញចំណិតវល្លិរមៀតស្ងួតទម្ងន់៥០គីឡូនិងវល្លិរមៀតស្រស់១២បាច់បន្ថែមទៀត។បន្ទាប់មកក៏បញ្ជូនសំណុំរឿងជនសង្ស័យទាំង៣នាក់នោះទៅតុលាការដើម្បីអនុវត្តតាមច្បាប់។ ក្នុងករណីនេះមន្ត្រីដដែលបានបញ្ជាក់ថា​ ក្រសួងបរិស្ថានបានចាត់ទុកការកែច្នៃវល្លិរមៀតគឺជា​សកម្មភាពខុសច្បាប់ ព្រោះវល្លិរមៀតគេយល់ថាជាសារធាតុម៉្យាងអាចកែច្នៃធ្វើជាគ្រឿងញៀន​ដែលច្បាប់បានហាមឃាត់៕ដោយ៖វិចិត្រ