អន្តរជាតិ

រុស្ស៊ីអះអាងថាវាយដណ្តើមភូមិអ៊ុយក្រែនបានមួយទៀតនៅ Bakhmut

ខណៈពេលដែលអាវុធជំនួយលោកខាងលិចកំពុងស្ថិតនៅតាមផ្លូវមិនទាន់មកដល់ ទ័ពរុស្ស៊ីបានអះអាង​ជាផ្លូវការថាបានវាយដណ្តើមកាន់កាប់បានភូមិមួយរបស់អ៊ុយក្រែន នៅជាយទីក្រុង Bakhmut ខេត្តដូណេត។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី ៣១ សប្តាហ៍នេះថា ភូមិ Blahodatne ដែលមានចម្ងាយប្រហែលប្រាំគីឡូម៉ែត្រ ភាគខាងជើងនៃ​ទីក្រុងBakhmut ភូមិសាស្រ្តខេត្តដូណេត ត្រូវបានចាប់យកទៀតហើយ ដោយមានជំនួយគាំទ្រ​ពីកម្លាំងទ័ព​លើអាកាសរុស្ស៊ី។ ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បី​ថ្ងៃ​ បន្ទាប់​ពី​ប្រធាន​ក្រុមទាហានស៊ីឈ្នួល Wagner របស់​រុស្ស៊ី​បាន​និយាយ​ថា​ កម្លាំង​បាន​ចាប់​យក Blahodatne ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​អ៊ុយក្រែន​បាន​និយាយ​ថា​បាន​វាយ​បកវិញ។ ការចាប់យក Bakhmut ដែលមានប្រជាជនមុនសង្គ្រាម​ប្រហែល ៧៥.០០០ នាក់នឹងក្លាយជាសមិទ្ធផលសមរភូមិដ៏សំខាន់ដំបូងគេរបស់រុស្ស៊ីចាប់តាំងពីបាន​ដណ្តើមយកទីក្រុង Severodonetsk និង Lysychansk កាលពីខែកក្កដា។

យ៉ាងណាមិញ ចំពោះដំណឹងនេះ សារព័ត៌មានឯករាជ្យមិនទាន់អាចផ្ទៀងផ្ទាត់ត្រឹមត្រូវច្បាស់លាស់​នោះទេ។ ខាងអ៊ុយក្រែនបានបដិសេធយ៉ាងដាច់អហង្ការ ដោយនិយាយថា ទ័ពអ៊ុយក្រែនកំពុងវាយ​ទប់ទល់រារាំងទ័ពរុស៊្សីពីការទទួលបានការគ្រប់គ្រងខ្សែផ្គត់ផ្គង់ដ៏សំខាន់នៅ Bakhmut។ មានន័យថា អ៊ុយក្រែននៅតែកំពុងទប់មិនទាន់បាត់បង់ទីតាំងឈរជើងណាទេ។ ក៏ប៉ុន្តែ អភិបាលតំបន់អ៊ុយក្រែន​លោក Pavlo Kyrylenko បាននិយាយថា ជនស៊ីវិលពីរនាក់ រួមទាំងក្មេងប្រុសម្នាក់ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ីមកលើ Bakhmut កាលពីថ្ងៃអង្គារផងដែរ។

រដ្ឋបាលហ្សេឡិនស្គីនៅដើមសប្តាហ៍នេះ បានអំពាវនាវឲ្យមានការបញ្ជូនអាវុធឲ្យបានលឿនពី​សម្ព័ន្ធមិត្តភាគខាងលិច ដោយគូសបញ្ជាក់ពីការវាយប្រហារឥតសំចៃដៃរុស្ស៊ីនៅទូទាំងតំបន់សមរភូមិ។ ទីប្រឹក្សារបស់លោកហ្សេឡិនស្គីផ្ទាល់គឺ Mykhailo Podolyak បានបង្ហោះសារថា “បើគ្មានអាវុធទេ សង្រ្គាមនឹងរីករាលដាលដល់សហភាពអឺរ៉ុបហើយ”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា