អន្តរជាតិ

បារាំងប្រកាសបញ្ជូនប្រព័ន្ធកាំភ្លើងធំ Caesar ១២គ្រឿងបន្ថែមទៅអ៊ុយក្រែន

ចំពេលស្ថានភាពកំពុងប្រថុយញ៉ុចកាន់តែខ្លាំង បារាំងប្រកាសបញ្ជូនប្រព័ន្ធកាំភ្លើងធំ Caesar ១២គ្រឿងបន្ថែមទៀតទៅអ៊ុយក្រែន និងបញ្ជូនបុគ្គលិកបង្ហាត់បង្រៀនរាប់រយនាក់។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុង​ប៉ារីសរួមគ្នាជាមួយសមភាគីអ៊ុយក្រែនកាលពីថ្ងៃអង្គារថា បារាំងនឹងបញ្ជូនប្រព័ន្ធកាំភ្លើងធំ Caesar ចំនួន១២គ្រឿងបន្ថែមទៀត ខណៈ១៨គ្រឿងមុនដែលត្រូវបានចែកចាយរួចហើយ គឺត្រូវបានយកចេញពីផ្នែកនៃហិរញ្ញប្បទានមូលនិធិ ២០០ លានអឺរ៉ូ (២១៧ លានដុល្លារ) បង្កើតដោយបារាំងសម្រាប់ទីក្រុង Kyiv ។ លោក​បាន​បន្ថែម​ថា បារាំង​ក៏​នឹង​បញ្ជូន​បុគ្គលិក​កងទ័ព​ចំនួន ១៥០ នាក់​ទៅ​ប្រទេស​ប៉ូឡូញដែរ ដើម្បីទៅ​បណ្តុះបណ្តាល​ទាហាន​អ៊ុយក្រែនខ្ទង់ប្រហែល ៦០០ នាក់​ក្នុង​មួយ​ខែ។

ចំពោះសំណើយន្តហោះចម្បាំងវិញ រដ្ឋមន្រ្តីការពារជាតិរូបនេះបាននិយាយថា  “មិនមានការ​ហាមឃាត់ទេ”។ លោក Lecornu បានរំលឹកឡើងវិញនូវជំហររបស់បារាំងទាក់ទងនឹងការផ្គត់ផ្គង់អាវុធ​ដល់​អ៊ុយក្រែន ដោយនិយាយថា វាមិនគួរធ្វើឱ្យសមត្ថភាពការពាររបស់បារាំងថយចុះខ្សោយឡើយ ដែលវាគួរតែជួយអ៊ុយក្រែន ព្រោះអាវុធដែលអ៊ុយក្រែនត្រូវការគឺប្រើសម្រាប់តែការការពារខ្លួនប៉ុណ្ណោះ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា