សន្ដិសុខសង្គម

បងប្អូន២នាក់ជិះម៉ូតូឌុបគ្នាបុករថយន្តកំពុងចត បណ្តាលឱ្យស្លាប់ម្នាក់និងរបួសម្នាក់

ភំ្នពេញ៖ បងប្អូន២នាក់បានចេញពីហូបអាហាររួចជិះម៉ូតូទៅផ្ទះវិញក៏បុករថយន្តកំពុងចតពេញទំហឹង បណ្តាលឱ្យដួលបាក់កស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិ លេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី១ ខែកុម្ភៈ។

អ្នកបានស្គាល់ជនរងគ្រោះបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ទោម ខែ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំព្រែកអញ្ចាញ ស្រុកកំណើតខេត្តកំពង់ធំ ជាជាងវាំងនន។ចំណែកប្អូនរងរបួសមិនទាន់ស្គាល់ឈ្មោះ ព្រោះត្រូវដឹកទៅមន្ទីរពេទ្យ។មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកNext ផ្លាកលេខតាកែវ1R-1157 ឌុបគ្នា២នាក់បងប្អូនចេញពីហូបអាហារនៅរង្វង់មូលនាងមច្ឆា។

ពួកគេជិះម៉ូតូទៅផ្ទះតាមផ្លូវជាតិលេខ៦A ។មកដល់កន្លែងខាងលើបានបុករថយន្តដឹកអ្នកដំណើរ កំពុងចតមិនមានភ្លើងសញ្ញាពេញទំហឹងបណ្ដាលឱ្យដួលបាក់កស្លាប់ភ្លាមនិងម្នាក់ទៀតរងរបួសធ្ងន់។ក្រោយកើតហេតុរថយន្តដឹកអ្នកដំណើរនោះបានបើកទៅមុខបាត់៕ដោយ៖វិចិត្រ