សន្ដិសុខសង្គម

នាំជនសង្ស័យប្រើកាំបិតកាប់បងថ្លៃចំក្បាលឱ្យរបួសធ្ងន់ទៅតុលាការ

ស្វាយរៀង៖សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើកាំបិតកាប់បងថ្លៃចំក្បាលឱ្យ​រងរបួសធ្ងន់​ពេលចូលឃាត់ជននោះមានជម្លោះជាមួយប្រពន្ធ ហើយនាំខ្លួនទៅតុលាការ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាត ស៊ីនឿន អាយុ៤៤ឆ្នាំ នៅភូមិបារាយណ៍ ឃុំមេសរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ចំណែកជនរងគ្រោះឈ្មោះណុប ភា អាយុ៤១ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា ត្រូវមួយកាំបិតចំក្បាលរងរបួសធ្ងន់ ក្រុមគ្រួសារដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

មុនកើតហេតុ កាលពីយប់ថ្ងៃទី៣០ ខែមករា មានអំពើហិង្សារវាងប្អូននិងបងថ្លៃនៅភូមិឃុំខាងលើ​បង្កឡើងដោយប្អូនបានយកកាំបិតកាប់ទៅលើបងថ្លៃឱ្យរងរបួសធ្ងន់។បន្ទាប់ពីកើតហេតុ​សមត្ថកិច្ចមូលដ្ឋានបានចុះនាំខ្លួនឈ្មោះសាត ស៊ីនឿន យកទៅសាកសួរ។

ជនដៃដល់បានសារភាពថា ខ្លួនបានយកកាំបិតកាប់ទៅលើបងថ្លៃពិតប្រាកដមែន ដោយសារ ខ្លួនឈ្លោះគ្នាជាមួយប្រពន្ធ ហើយបងថ្លៃចូលមកឃាត់ ធ្វើឱ្យរូបគេផ្ទុះកំហឹងតែម្ដង៕ដោយ៖វិចិត្រ