សន្ដិសុខសង្គម

តុលាការកំពូលជំនុំជម្រះលើជនជាប់ចោទករណីឃាតកម្មគិតទុកជាមុនលើសង្សារ

ភ្នំពេញ៖តុលាការកំពូល នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ បានបើកសវនាការជំនុំជម្រះបណ្ដឹងសាទុក្ខជាលើកទី២​លើជនជាប់ចោទម្នាក់ករណីឃាតកម្មគិតទុកជាមុនលើសង្សាររបស់ខ្លួន។

សមត្ថកិច្ចបានបញ្ជាក់ថា ជនជាប់ចោទឈ្មោះសែម សាន ភេទប្រុស អាយុ២៨ឆ្នាំ ជាប់ចោទពីបទ​ឃាតកម្ម​គិតទុកជាមុនលើសង្សារ។ជនជាប់ចោទរូបនេះកាលពីថ្ងៃឆ្នាំ២០១៨ ត្រូវតុលាការ ភ្នំពេញបាន​ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនិងបង្គាប់ឱ្យសងសំណង៤០លានរៀលទៅដើមបណ្តឹង។

ក្រោយមកឈ្មោះ សែម សាន មិនសុខចិត្តក៏បានប្តឹងឧទ្ធរណ៍។ចៅក្រមសាលាឧទ្ធរណ៍ក៏បានជំនុំជម្រះ​លើបណ្តឹង​ជនជាប់ចោទនិងប្រកាសសាលដីកាតម្កល់សាលក្រមតុលាការភ្នំពេញទុក​ជាបានការ​ដដែល។ជនជាប់ចោទឈ្មោះសែម សាន បានប្តឹងសាទុក្ខទៅតុលាការកំពូលហើយតុលាការកំពូល​ក៏បានចាត់របៀបបង្វិលសំណុំរឿងឱ្យទៅសាលាឧទ្ធរណ៍ជំនុំជម្រះសាជាថ្មី។

សាលាឧទ្ធរណ៍ភ្នំពេញក៏បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន៣០ឆ្នាំ។ដោយការសម្រេចនេះហើយ ទើបជនជាប់ចោទឈ្មោះ សែម សានសម្រេចប្តឹងសាទុក្ខលើកទី២​ទៅតុលាការកំពូលហើយតុលាការកំពូលបានបើកសវនាការនៅថ្ងៃទី១ ខែកុម្ភៈនេះ និងប្រកាស​សាលដីកា​នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ខាងមុខ។

គួររំលឹកថា ករណីឃាតកម្មគិតទុកជាមុនប្រព្រឹត្តនៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យកាលពីថ្ងៃទី៧ ខែមីនាឆ្នាំ២០១៨ ។ក្នុងសវនាការជនជាប់ចោទប្តឹងសាទុក្ខទៅតុលាការ​កំពូលនេះសុំឱ្យចៅក្រមបន្ធូរបន្ថយទោសពី៣០ឆ្នាំមក១៥ឆ្នាំវិញ ដោយសារខ្លួនមានជំងឺប្រចាំកាយ​និងម្តាយឪពុកចាស់ត្រូវការអ្នកមើលថែ៕