សន្ដិសុខសង្គម

ឆេះរថយន្តដឹកប្រេងកំពុងបូមដាក់ស្ថានីយបង្កការភ្ញាក់ផ្អើលកណ្តាលយប់

កំពង់ស្ពឺ៖អគ្គិភ័យបានឆាបឆេះរថយន្តដឹកប្រេងពេលកំពុងបូមដាក់ក្នុងស្ថានីយមួយយីហោ“លីមឡុង” បង្កការភ្ញាក់ផ្អើលកណ្តាលយប់ ត្រូវសមត្ថកិច្ចជំនាញចេញអន្តរាគមន៍ទាន់ពេលវេលា។ហេតុការណ៍នេះបានកើតឡើងនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីរំលង​អធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ស្ថានីយប្រេងនេះយីហោ LIM LONG ម្ចាស់ឈ្មោះ ង៉ុយ ហៀង។មុនកើតហេតុ រថយន្តដឹកប្រេងចំណុះ២៦.០០០លីត្រ មកដាក់នៅក្នុងស្ថានីយខាងលើ។ពេលកំពុងបូមប្រេងចេញពីរថយន្ដចូលក្នុងស៊ីទែនស្ដុកស្រាប់តែឆ្លងចរន្តអគ្គិសនីចេញពីម៉ាស៊ីនបូមផ្ទុះបែកផ្កាភ្លើងឆាបឆេះតែម្ដង។

ពេលភ្លើងកំពុងឆាបឆេះ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងជួយអន្ដរាគមន៍​បាញ់ទឹកពន្លត់ភ្លាមៗមិនឱ្យរាលដាលប៉ះពាល់អ្នកជិតខាងនិងមិនបណ្ដាលឱ្យរងគ្រោះថ្នាក់ដល់មនុស្សទេ។តែមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយដោយសមត្ថកិច្ចកំពុងសាកសួរ៕ដោយ៖វិចិត្រ