អន្តរជាតិ

ចារកម្មសម្ងាត់អ៊ុយក្រែនស៊ើបដឹងថាទាហានរុស្ស៊ី កំពុងរងគ្រោះជំងឺឆ្លងរាលដាល

ចារកម្មស៊ើបការណ៍សម្ងាត់អ៊ុយក្រែនបានស៊ើបដឹងថា ក្នុងជួរទាហាននិងទាហានស៊ីឈ្នួលរុស្ស៊ីឥឡូវនេះ​កំពុងរងគ្រោះជំងឺឆ្លងរាលដាលខ្លាំង មូលហេតុមកពីកង្វះខាតអនាម័យ។

នេះដោយយោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយបង្អស់របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនតាមបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃអង្គារ ទី៣១​ខែមករា ឆ្នាំ២០២៣។ អំពីស្ថានភាពដ៏ធ្ងន់ធ្ងររបស់កងទ័ពរុស្ស៊ីនេះទើបតែបានកើតឡើងប៉ុណ្ណោះ ពោលគឺ ១១ខែបន្ទាប់ពីសង្រ្គាមបានចាប់ផ្តើម។ “ករណីនៃការឆ្លងដ៏គ្រោះថ្នាក់បានកើនឡើងយ៉ាងខ្លាំង​ក្នុងចំណោមកងទ័ពដែលកំពុងកាន់កាប់ និងក្រុមទាហានស៊ីឈ្នួលដែលហៅថា Wagner Group មានលេចចេញនូវអាការធ្លាក់ចុះសុខភាព ក្តៅខ្លួនជាដើម។ នេះអាចបណ្តាលមកពីអវត្តមាននៃ​លក្ខខណ្ឌអនាម័យ និងអនាម័យមិនគ្រប់គ្រាន់នៅក្នុងទីតាំងបន្ទាយ ឬអង្គភាពរបស់ពួកគេ”។

ចារកម្មអ៊ុយក្រែនបានបន្តទៀតថា ក្រុមនេះប្រាកដណាស់កំពុងជួបប្រទះនឹងជំងឺរីករាលដាល​ដែលបច្ចុប្បន្នកំពុងបន្តរីកឆ្លងមិនទាន់មានដំណោះស្រាយពាសពេញកងទ័ព ដែលភាគច្រើន​គឺឆ្លងខ្លាំងនៅក្នុងចំណោមអតីតអ្នកទោស។ ជុំវិញដំណឹងនេះ គេមិនទាន់ទទួលបានដំណឹង​បកស្រាយពីខាងរុស្ស៊ីទេ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា