អន្តរជាតិ

អ្នកស្លាប់ដោយសារការបំផ្ទុះអត្តឃាតនៅវិហារអ៊ិស្លាមប៉ាគីស្ថានកើនដល់៨៨នាក់

ដោយ៖ រ៉ាម៉េត

មន្ត្រីម្នាក់បានប្រាប់ ស៊ីនហួរ នៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានវាយប្រហារវិហារអ៊ីស្លាមមួយកាលពីថ្ងៃចន្ទ នៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ៨៨នាក់ហើយ។

ស្នងការរងនៃទីក្រុង Peshawar Shafiullah Khan បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើង បន្ទាប់ពីអ្នករបួសខ្លះបានបាត់បង់ជីវិត ហើយសាកសពជាច្រើនទៀតត្រូវបានស្រង់ចេញពីកំទេចកំទីនៃវិហារអ៊ីស្លាម ដែលបានដួលរលំបន្ទាប់ពីការផ្ទុះ។

មន្ត្រីរូបនេះបានបន្ថែមថា មនុស្សចំនួន 150 នាក់បានរងរបួសនៅក្នុងការវាយប្រហារ ដែលក្នុងនោះ 67 នាក់កំពុងស្ថិតក្រោមការព្យាបាលនៅក្នុងមន្ទីរពេទ្យផ្សេងៗគ្នា ខណៈអ្នកដែលនៅសល់ត្រូវបានចាកចេញបន្ទាប់ពីការព្យាបាល។

ស្នងការរងបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែមនុស្សប្រហែល ១០ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយខ្លះទៀតនៅតែកប់នៅក្រោមគំនរបាក់បែកនៅឡើយ។

កាលពីថ្ងៃចន្ទ លោក Muhammad Ijaz Khan មន្ត្រីប៉ូលិសក្រុង Peshawar នៅភាគពាយព្យនៃខេត្ត Khyber Pakhtunkhwa បានប្រាប់ស៊ីនហួថា មនុស្សប្រហែល 300 នាក់កំពុងបន់ស្រន់នៅក្នុងវិហារអ៊ីស្លាមនៃតំបន់ប៉ូលីសនៃទីក្រុង នៅពេលដែលការផ្ទុះបានកើតឡើង។

Police Lines មានទីតាំងនៅតំបន់សន្តិសុខខ្ពស់របស់ Peshawar ជាកន្លែងដែលភ្នាក់ងារអនុវត្តច្បាប់ជាច្រើន រួមទាំង Frontier Corps នាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិសមានទីតាំងនៅ។

ការថ្កោលទោសពីគ្រប់មជ្ឈដ្ឋានបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារដោយមានការអំពាវនាវឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងភេរវករ។

ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi និងនាយករដ្ឋមន្ត្រី Shahbaz Sharif បានថ្កោលទោសការវាយប្រហារនេះ សម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះការធ្វើទុក្ករកម្មរបស់អ្នកគោរពបូជា ហើយបានចាត់ទុកអ្នកវាយប្រហារថាជាសត្រូវរបស់មនុស្សជាតិ។

ស្ថានទូតចិនប្រចាំនៅទីក្រុង Islamabad ក៏បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ហើយបាននិយាយថា “យើងមានអារម្មណ៍សោកសៅជាខ្លាំង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់យើងចំពោះគ្រួសារជនរងគ្រោះ និងរងរបួសនៃសោកនាដកម្មនេះ”។

ខេត្ត Khyber Pakhtunkhwa កំពុង​ប្រារព្ធ​ពិធី​កាន់ទុក្ខ​មួយ​នៅ​ថ្ងៃ​អង្គារ​ជាមួយ​នឹង​ទង់ជាតិ​នៅ​ពាក់​កណ្តាល​ដងនៅ​ទូទាំង​ខេត្ត៕