សេដ្ឋកិច្ច

និយ័ត​ករ​អាជីវកម្ម​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម​ត្រូវមាន​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​

​ភ្នំពេញ​៖ និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ដោយ​អំពាវនាវ ដល់​ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​លំនៅ ឋាន​, អាជីវកម្ម​អភិវឌ្ឍ​អគារ​សហកម្មសិទ្ធិ​, អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ​, អាជីវកម្ម​បញ្ចាំ និង​អាជីវកម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន ដែល​មិនទាន់មាន​អាជ្ញា​បណ្ណ មកសុំ​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ​។​

​សេចក្តីជូនដំណឹង បាន​បញ្ជាក់ថា និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ (​ន​.​អ​.​ប​.) នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ (​អ​.​ស​.​ហ​) បាន​ជម្រាប ជូនដំណឹង​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា រាល់​ការប្រកប​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន អាជីវកម្ម​អភិវឌ្ឍ​អគារ​សហ កម្មសិទ្ធិ អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ អាជីវកម្ម​បញ្ចាំ និង​អាជីវកម្ម​ប្រាតិភោគ​ដោយ​អនុប្បទាន ត្រូវមាន​អាជ្ញា​បណ្ណ​ពី និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ​។​

​ដើម្បី​ទប់ស្កាត់​នូវ​សកម្មភាព ប្រកប​អាជីវកម្ម​ដោយ​គ្មាន​អាជ្ញា​បណ្ណ ព្រមទាំង​លើកទឹកចិត្ត​ដល់​ការធ្វើ​ធុរកិច្ច ប្រកបដោយ​សុចរិត និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ សូម​ក្រើនរំលឹក​ដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ត្រូវ​មក​បំពេញបែបបទ និង​នីតិវិធី​ស្នើសុំ​អាជ្ញា​បណ្ណ នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ លេខ​១៦៨ ជាន់​ទី​៧ ផ្លូវ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​រៀងរាល់​ម៉ោង​ធ្វើការ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​និយ័ត​ករ​បញ្ជាក់ទៀតថា ការប្រកប​អាជីវកម្ម​អភិវឌ្ឍ​លំនៅឋាន អាជីវកម្ម​អភិវឌ្ឍ​អគារ​សហកម្មសិទ្ធិ អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ អាជីវកម្ម​ផ្តល់​សេវាកម្ម​អចលនវត្ថុ អាជីវកម្ម​បញ្ចាំ និង​អាជីវកម្ម​ប្រាតិភោគ ដោយ​អនុប្បទាន ដោយ​គ្មាន​អាជ្ញា​បណ្ណ គឺជា​អំពើ​ល្មើស ដែល​ត្រូវ​បញ្ឈប់​សកម្មភាព និង​រង​ពិន័យ​ជា​ទឹកប្រាក់ ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕​ដោយៈសិរីមតី