អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីគ្រោងទទួលមីស៊ីលផ្លោងពីអ៊ីរ៉ង់ ខណៈប្រព័ន្ធការពារដែនអាកាស បច្ចុប្បន្នទប់មិនជាប់

អ៊ុយក្រែននិយាយថា បញ្ហាប្រឈមកំពុងនៅនឹងមុខមួយទៀតហើយ គឺរុស្ស៊ីគ្រោងទទួលយក​មីស៊ីលផ្លោង​ពីប្រទេសអ៊ីរ៉ង់ ដែលប្រព័ន្ធស្ទាក់ចាប់អ៊ុយក្រែនបច្ចុប្បន្នមិនអាចចាប់បាន។

វរសេនីយ៍ឯក Yurii Ihnat អ្នក​នាំ​ពាក្យ​នៃ​កង​ទ័ព​អាកាស​អ៊ុយក្រែន​ បានធ្វើសេចក្តីថ្លែងការណ៍​ព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយជាតិកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែនកំពុងមានកង្វល់​ប្រឈមធំថ្មីមួយទៀតហើយ នោះគឺពាក់ព័ន្ធទៅនឹងអាវុធផ្លោងផលិតដោយអ៊ីរ៉ង់។ Ihnat និយាយថា “ការគំរាមកំហែងចម្បងនៅលើអាកាស ហើយនៅតែបន្តគំរាមកំហែងគឺជាកាំជ្រួចដែល​ផលិតដោយអ៊ីរ៉ង់”។ លោកថា “រុស្ស៊ីមិនបានបោះបង់ចោលចេតនារបស់ខ្លួនក្នុងការទទួលយន្តហោះ​គ្មានមនុស្សបើក kamikaze ពីអ៊ីរ៉ង់ទេ ពិសេសរួមទាំងមីស៊ីលដែលទើបតែបានប្រកាសថ្មីទៀត​គឺម៉ូដែលផ្លោង Fateh និង Zolfaghar ។

ដោយបានកត់សម្គាល់បន្ថែមទៀត Ihnat ថា អ៊ុយក្រែនគ្មានមធ្យោបាយអ្វីដើម្បីចាត់ការមីស៊ីលនេះទេ។ ដូចគ្នានេះដែរ កាំជ្រួច Kh-22… និង S-300, S-400 គឺជាប្រភេទកាំជ្រួចដែលបាញ់លើគន្លងផ្លោង ធ្វើឲ្យប្រព័ន្ធស្ទាក់ចាប់អ៊ុយក្រែនគ្មានសមត្ថភាពនឹងស្ទាក់ចាប់។

ជាការអំពាវនាវ  អ៊ុយក្រែនបានសង្កត់ធ្ងន់នូវឈ្មោះប្រព័ន្ធស្ទាក់ចាប់អាម៉េរិក Patriot PAC-3 និងប្រព័ន្ធស្ទាក់ចាប់ SAMP-T ផលិតដោយបារាំងនិងអ៊ីតាលី ដែលអាចបាញ់ក្នុងរយៈពេលចម្ងាយ អាចធ្វើប្រតិបត្តិការស្ទាក់បានលឿន និងគ្រប់មជ្ឈដ្ឋានទាំងអស់៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា