អន្តរជាតិ

ហូឡង់ចាំទទួលសំណើយន្តហោះចម្បាំងអ៊ុយក្រែនជានិច្ច តែមិនទាន់ឃើញស្នើឡើង

រដ្ឋាភិបាលហូឡង់និយាយថា ខ្លួនរង់ចាំទទួលពិចារណាលើសំណើអ៊ុយក្រែនសុំយន្តហោះចម្បាំងជានិច្ច ក៏ប៉ុន្តែបច្ចុប្បន្ននៅមិនទាន់ឃើញអ៊ុយក្រែនស្នើមកនោះទេ។

សារនេះត្រូវបានថ្លែងដោយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងឡាអេ។ លោក Rutte បានមានប្រសាសន៍ថា គ្មានការហាមឃាត់ណាមួយនឹងធ្វើឡើងទេ បើគ្រាន់តែដើម្បីជួយអ៊ុយក្រែន​ឲ្យឈ្នះសង្រ្គាមជាមួយរុស្ស៊ីនោះ។ លោកថា​ការ​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំងនឹង​ជា​ជំហាន​បន្ទាប់​ដ៏​ធំ​មួយសម្រាប់ហូឡង់​ប្រសិន​បើ​វា​មក​ដល់​​។ ទោះបីជាហូឡង់នឹងមិនទាន់ហ៊ាននិយាយថាយល់ព្រម តែក៏មិនមានន័យថាបដិសេធដែរ។

យ៉ាងណាមិញ ការសម្រេចចិត្តជាចម្បងមិនមែនស្ថិតលើឯកតោភាគីឡើយ។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានគូសបញ្ជាក់ថា ការផ្ទេរយន្តហោះចម្បាំង F-16 ឬយន្តហោះណា​ផ្សេងទៀតទៅអ៊ុយក្រែន គឺអាចធ្វើទៅបានលុះត្រាតែមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ​សម្ព័ន្ធមិត្តណាតូផ្សេងទៀត ដូចជាករណីរថក្រោះខ្លារខិន។ ហើយនៅដើមសប្តាហ៍នេះ សហរដ្ឋអាម៉េរិក​ក៏បានបញ្ជាក់រួចហើយដែរថាមិនមានការបញ្ជូនយន្តហោះណាមួយទៅអ៊ុយក្រែនទេ៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា