សន្ដិសុខសង្គម

សង្ស័យស្រវឹងបើករថយន្តបុកការដ្ឋានស្ពានអាកាសខ្ទេចខ្ទីកំណាត់មុខ

ភ្នំពេញ៖បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តទំនើបក្នុងល្បឿនលឿនជ្រុលទៅបុក ការដ្ឋានកំពុងសាងសង់ស្ពានអាកាសបណ្តាលឱ្យខួចខ្ទេចខ្ទីផ្នែកខាងមុខ។គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើង​ស្ថិតតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី៣១ ខែមករា។

ពលរដ្ឋនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា​បានបើករថយន្តទំនើបម៉ាក ford ផ្លាកលេខ ភ្នំពេញ 2BO-5668 តាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូង​យ៉ាងលឿន។មកដល់កន្លែងខាងលើបានបុកចូលក្នុងការដ្ឋានកំពុងសាងសង់ស្ពានអាកាស​បណ្តាលឱ្យរថយន្តខូចខ្ទេចផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុអ្នកបើកបររថយន្តបានឡើងជិះផាស្អេបគេចខ្លួនបាត់ ហើយសមត្ថកិច្ច​ចុះមកយករថយន្តបង្កទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញដើម្បីឱ្យម្ចាស់ចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ