អន្តរជាតិ

វិមានក្រឹមឡាំងថា បូរីសចនសុននិយាយកុហករឿងគំរាមសម្លាប់

ឆ្លើយតបមិនចាំយូរ វិមានក្រឹមឡាំងនិយាយថា លោកបូរីសចនសុន អតីតនាយករដ្ឋមន្រ្តីចក្រភព​អង់គ្លេស​បាននិយាយកុហកទាំងស្រុងតែម្តងអំពីរឿងគំរាមសម្លាប់ដោយប្រើមីស៊ីល។

វិមានក្រឹមឡាំងបានវាយបកលោក Boris Johnson អតីតនាយករដ្ឋមន្រ្តីអង់គ្លេស កាលពីថ្ងៃចន្ទវិញភ្លាមៗ បន្ទាប់ពីចនសុនបាននិយាយទៅកាន់ទូរទស្សន៍ BBC ថា មេដឹកនាំ រុស្ស៊ីលោកវ្ល៉ាឌឹមៀរពូទីនបានគំរាម​កំហែងសម្លាប់រូបលោកដោយកាំជ្រួចក្នុងអំឡុងពេលហៅទូរសព្ទកាលពីឆ្នាំមុន។ វិមានក្រឹមឡាំងថា នោះជារឿងកុហកសុទ្ធសាធ មិនមានពិតសូម្បីតែបន្តិច។ អ្នកនាំពាក្យ លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា អ្វីដែលចនសុននិយាយគឺមិនពិតទេ “ច្បាស់ជាងនេះទៅទៀត នៅតែការកុហក”។

សូមរំលឹកជាថ្មី ពាក្យគំរាមសម្លាប់នោះ ត្រូវបានចនសុនលាតត្រដាងថា ពូទីនពិតជាបានប្រើមែន បន្ទាប់ពីរូបលោកទើបមកពីទស្សនកិច្ចអ៊ុយក្រែនជួបជាមួយប្រធានាធិបតីហ្សេឡិនស្គីនៅដើមដំបូងនៃសង្រ្គាម។ ចនសុនថា ពូទីនគំរាមសម្លាប់ដោយមីស៊ីល “ហើយចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ”៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា